ខ្មែរ​ក្រោម​រាប់​រយ​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ដី​ធ្លី​ពី​អាជ្ញាធរ​វៀតណាម

ប្រភព​ពី​សមាគម​ការពារ​សិទ្ធិ​ខ្មែរ​ក្រោម ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​រយ​នាក់​នៅ​កម្ពុជា​ក្រោម បាន​ងើប​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម​ទៀត​ហើយ​នា​ប៉ុន្មាន​ថ្ងៃ​នេះ ដើម្បី​ទាមទារ​ដី​ធ្លី​ស្រែ​ចម្ការ ដែល​ត្រូវ​អាជ្ញាធរ​រឹប​អូស​យក។
ដោយ គឹមពៅ សុត្តន្ត
2008-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​អ្នក​តវ៉ា​ទាំង​នោះ មាន​ចំនួន​២​ស្រុក​ធំៗ គឺ​នៅ​ស្រុក​ទិនបៀន និង​ស្រុក​ស្វាយទង ខេត្ត​មាត់​ជ្រូក ជាប់​ព្រំដែន​ខេត្ត​តាកែវ។

តំណាង​អ្នក​តវ៉ា​នៅ​ស្រុក​ទិនបៀន នៅ​សាលា​ឃុំ​អាងគឺ លោក ចៅ អ៊ិន ឲ្យ​ដឹង​ថា ពី​កម្ពុជា​ក្រោម​មក​ថា ក្រុម​អ្នក​តវ៉ា​នៅ​តបន់​របស់​លោក​មាន​គ្នា​ប្រមាណ ២០០​នាក់ ដែល​ក្នុង​នោះ​ម្នាក់ៗ​បាត់​បង់​ដី​ធ្លី​យ៉ាង​ហោច​ណាស់ ៥ ហិកតារ ៖ «ទាំង​អស់​ហ្នឹង ទើប​ងើប​បាន​តែ ២០០​នាក់​ទេ។ ពី​ម្សិល​ហ្នឹង នគរបាល​ស្រុក ៧​ឡាន មក​បង្ក្រាប​បង​ប្អូន​យើង។ ដល់​ឥឡូវ​ម៉ោង ៨​ហ្នឹង គេ​បាន​អញ្ជើញ​ប្រជាជន​ទៅ​ដោះស្រាយ។ គេ​ថា ដី​នេះ​វៀតណាម​គេ​វ៉ៃ​ឈ្នះ​ខ្មែរ​ក្រហម អ៊ីចឹង​ដី​ហ្នឹង មិន​មែន​ជា​ដី​របស់​បង​ប្អូន​ខ្មែរ​ទេ ដី​ហ្នឹង​របស់​យួន​ទេ និយាយ​ឲ្យ​ចំ»

លោក ចៅ អ៊ិន ឲ្យ​ដឹង​ថា ការ​តវ៉ា​បាន​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ មក​ដល់​ថ្ងៃ​នេះ ប៉ុន្តែ​គ្មាន​ការ​ដោះស្រាយ ផ្ទុយ​ទៅ​វិញ​បែរ​ជា​មាន​ការ​គំរាម​ចាប់​ចង។

ប្រភព​ពី​ស្រុក​ស្វាយទង ឯ​ណោះ​វិញ ឲ្យ​ដឹង​បន្ថែម​ថា ពួកគេ​មាន​គ្នា​ប្រហែល ១០០​នាក់ កំពុង​តវ៉ា​នៅ​តំបន់​ដី​ស្រែ​នៅ​ក្នុង​ឃុំ​ចៅឡាំង តែ​ម្តង ជាមួយ​គ្នា​នឹង​ការ​ហ៊ុមព័ទ្ធ​របស់​ក្រុម​ប៉ូលិស​វៀតណាម​ជា​ច្រើន​នាក់។

អ្នក​តវ៉ា ឈ្មោះ នាង ហាន ថ្លែង​ថា ដី​ស្រែ​អ្នកស្រី ២០​ហិកតារ ត្រូវ​អាជ្ញាធរ​រឹប​អូស​យក​ទៅ​ដាំ​ដើម​ស្មាច់ បន្ទាប់​មក​គេ​បាន​សង​មក​វិញ ចំនួន ១​ហិកតារ​ប៉ុណ្ណោះ ៖ «ឆ្នាំ​១៩៨១ ខ្ញុំ​ត្រឡប់​មក​វិញ វា​អត់​សង​ដី​ឯណា។ ខ្ញុំ​ថា បើ​មិន​សង​ដី​ខ្ញុំ​ទេ ខ្ញុំ​ចុះ​ទៅ​ស្រែ​ហើយ វា​ថា បើ​ចុះ​ទៅ​វា​នឹង​ចាប់»

ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​នៅ​កម្ពុជា​ក្រោម បាន​អះអាង​ដូចៗ​គ្នា​ថា ការ​បាត់​បង់​ដី​ធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដូច​ជា អ្នក​ខ្លះ​បាន​បាត់​បង់​អស់​រលីង កើត​ឡើង​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​ដក​ហូត​យក​ធ្វើ​ជា​សម្បត្តិ​របស់​រដ្ឋ នៅ​ពេល​ដែល​កង​ទ័ព​វៀតណាម​បាន​កាន់​កាប់​កម្ពុជា​ទាំង​ស្រុង នៅ​ឆ្នាំ​១៩៧៩។

ក្រោយ​ការ​រឹបអូស​នោះ ការ​តវ៉ា​របស់​អ្នក​ស្រុក​បាន​កើត​ឡើង​ជា​ហូរហែ ប៉ុន្តែ​ការ​ទាមទារ​កាល​ពី​ឆ្នាំ​មុន បាន​ស្ងប់ស្ងាត់​មួយ​រយៈ បន្ទាប់​ពី​អ្នក​តវ៉ា​៣​នាក់ ក្នុង​នោះ ស្រី្ត​២​រូប និង​បុរស​មួយ​រូប ត្រូវ​បាន​គេ​ចាប់​ដាក់​គុក។

អាជ្ញាធរ​វៀតណាម​និង​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា លោក ទ្រិញ បាកាំ ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​អ្នក​តវ៉ា​បាន​ប្រឌិត​រឿង​រ៉ាវ គ្មាន​ការ​គំរាម​កំហែង​និង​គាប​សង្កត់​ពលរដ្ឋ​ខ្មែរ​ក្រោម​ឡើយ។

ទោះ​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​ខ្មែរ​ក្រោម លោក អាង ច័ន្ទរិទ្ធ អត្ថាធិប្បាយ​នៅ​ថ្ងៃ​នេះ​ថា អាជ្ញាធរ​វៀតណាម​មិន​គួរ​គេច​វេះ​ចំពោះ​ការ​តវ៉ា​ទាំង​នោះ ហើយ​រឹត​តែ​មិន​គួរ​ប្រើ​មធ្យោបាយ​គំរាម​កំហែង​គាប​សង្កត់​ចំពោះ​អ្នក​តវ៉ា​ដែល​ទាមទារ​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​នោះ​ទាល់​តែ​សោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល