វិទ្យាស្ថាន​មួយ​គ្រោង​យក​សូត្រ​ខ្មែរ​ទៅ​តាំង​ពិព័រណ៍​នៅ​ជប៉ុន

វិទ្យាស្ថាន​វាយនភ័ណ្ឌ​​មួយ​នៅ​​សៀមរាប​ដែល​កំពុង​ប្រឹងប្រែង​ផលិត​សូត្រ​ខ្មែរ​តាម​លំនាំ​សម័យ​បូរាណ​កាល​គ្រោង​នាំ​សូត្រ​ខ្មែរ​ទៅ​ធ្វើ​ការ​តាំង​ពិព័រណ៍​នៅ​ប្រទេស​ជប៉ុន​នា​ពេល​ខាង​នេះ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​គាំទ្រ​សិប្បកម្ម​ខ្មែរ​ដែ​ល​ធ្វើ​ដោយ​ដៃ​តាម​បែប​បូរាណ​តៗ​គ្នា​រាប់​ជំនាន់​មក​ហើយ​នោះ។
ដោយ សាវយុត
2009-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រ្តី​អ្នក​តម្បាញ​កំពុង​ត្បាញ​នៅ​ក្នុង​រោង​តម្បាញ​មួយ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។
ស្រ្តី​អ្នក​តម្បាញ​កំពុង​ត្បាញ​នៅ​ក្នុង​រោង​តម្បាញ​មួយ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។
RFA Photo/Zakariya

ប្រធាន​វិទ្យាស្ថាន​វាយនភ័ណ្ឌ​ប្រពៃណី​ខ្មែរ​ដែល​ជា​ជនជាតិ​ជប៉ុន​មួយ​រូប លោក ម៉ូរីម៉ូតូ ​គីគុអូ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​ធ្នូ ថា លោក​មាន​គម្រោង​នាំ​យក​ផលិតផល​សូត្រ​ដែល​ផលិត​ដោយ​សា្នដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​តាម​លំនាំ​បូរាណ​ខ្មែរ​សុទ្ធសាធ​នោះ​ទៅ​ធ្វើ​ការ​តាំង​ពិព័រណ៍​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១០​ខាង​មុខ ដើម្បី​ទាក់ទាញ​បរទេស​ឲ្យ​ស្គាល់​ពី​ផលិតផល​ដែល​កើត​ចេញ​ពី​ស្នាដៃ​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​មិន​មាន​ផលិត​បែប​ឧស្សាហកម្ម​ទំនើប​ទេ។

លោក ម៉ូរីម៉ូតូ បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​នឹង​នាំ​យក​សូត្រ​ខ្មែរ​មួយចំនួន​ដែល​មាន​អាយុ​ជាង ១០០​ឆ្នាំ​ទៅ​បង្ហាញ​បរទេស​ផងដែរ។

លោក ម៉ូរីម៉ូតូ បាន​បញ្ជាក់​ថា ៖ «យក​ទៅ​ខែ​២ នៅ​ជប៉ុន គឺ​តូក្យូ។ សូត្រ​ថ្មី ប៉ុន្តែ​ខ្ញុំ​ធ្វើ​ដូច​បូរាណ ដូច​គ្នា ធ្វើ​បាន​ហើយ ពណ៌​ធម្មជាតិ​សុទ្ធ សូត្រ​ធម្មតា​ធ្វើ​ម៉ាស៊ីន ប៉ុន្តែ​សូត្រ​ខ្មែរ​ធ្វើ​ដោយ​ដៃ»

លោក ម៉ូរីម៉ូតូ បាន​មាន​ប្រសាសន៍​ថា នៅ​បរទេស​គេ​បាន​ចាប់ផ្តើម​ស្គាល់​សូត្រ​ខ្មែរ​ហើយ​និយម​យក​ទៅ​ធ្វើ​សម្លៀក​បំពាក់ ដោយសារ​តែ​គេ​ស្រឡាញ់​ការ​ធ្វើ​ដោយ​ធម្មជាតិ​សុទ្ធសាធ​នោះ។

សិប្បកម្ម​តម្បាញ​សូត្រ​មួយចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា សូត្រខ្មែរ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​និង​ជនជាតិ​ខ្មែរ​យ៉ាង​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​សិប្បកម្ម​ចម្រុះ​អង្គរ ​Artisans Angkor ដែល​កំពុង​ធ្វើ​សិប្បកម្ម​សូត្រ​និង​ចម្លាក់​ផ្សេៗង​លក់​ទៅ​ឲ្យ​ទេសចរណ៍ គឺ​អ្នកស្រី ស៊ី វណ្ណា បាន​មាន​ប្រសាសន៍​ថា នៅ​រដូវ​សំបូរ​ភ្ញៀវ​សិប្បកម្ម​របស់​ក្រុមហ៊ុន​ដែល​មាន ៥​កន្លែង​ក្នុង​ទីរួម​ខេត្ត​សៀមរាប បាន​លក់​សូត្រ​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​ប្រមាណ ៣​ម៉ឺន​នាក់​ក្នុង​១​ខែៗ។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​គាំទ្រ​ផលិតផល​សូត្រ​ខ្មែរ​ដែរ។

អ្នកស្រី ស៊ី វណ្ណា បាន​អះអាង​ថា ៖ «ខែ​ខ្លះ​វា​មាន​ដល់​ទៅ ៣​ម៉ឺន​នាក់​អ៊ីចឹង​ទៅ មក​គ្រប់​ហាង​យើង​ទាំង​អស់ គាត់​អាច​ទិញ​ចម្រុះ​របស់​ទាំង​អស់​តែម្ដង ហើយ​ខ្មែរៗ​យើង​ក៏​គាត់​គាំទ្រ​ផលិតផល​ដែល​មាន​គុណភាព​របស់​យើង។ Business partners ដូច​ជា Travel agency ដូច​ជា​ខាង​សណ្ឋាគារ ខាង​មគ្គុទេ្ទសក៍ អ្នក​បើកបរ​អី គាត់​គាំទ្រ​យើង​ច្រើន»

ទោះ​យ៉ាង​ណា​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ផលិតផល​សូត្រ​ខ្មែរ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ចំនួន​ប៉ុណ្ណា​ក្នុង​មួយ​ឆ្នាំៗ​នោះ​នៅ​ឡើយ។

ប្រធាន​វិទ្យាស្ថាន​វាយនភ័ណ្ឌ​ប្រពៃណី​ខ្មែរ លោក ម៉ូរីម៉ូតូ បាន​មាន​ប្រសាសន៍​ថា លោក​បាន​មក​ធ្វើ​ផលិតផល​សូត្រ​ខ្មែរ​ពី​ធម្មជាតិ​សុទ្ធសាធ​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ធ្លាប់​បាន​នាំ​សូត្រ​ខ្មែរ​ទៅ​តាំង​ពិព័រណ៍​នៅ​ប្រទេស​ជា​ច្រើន ​ដូច​ជា​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក បារាំង​និង​អាល្លឺម៉ង់​ជាដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល