ជប៉ុន​សន្យា​ផ្ដល់​ជំនួយ​សង់​អគារ​តម្កល់​ឯកសារ​សាលាក្ដី​ខ្មែរ​ក្រហម

ប្រទេស​ជប៉ុន​សន្យា​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​ជាង ២​លាន​ដុល្លារ​ដើម្បី​សង់​អគារ​តម្កល់​ឯកសារ​សាលាក្តី​ខ្មែរ​ក្រហម​និង​អគារ​រដ្ឋបាល​របស់​គណៈ​មេធាវី​កម្ពុជា។
ដោយ កេសរណ្ណីយ្យា
2009-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។
AFP Photo

មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ថវិកា​ជំនួយ​នេះ​នឹង​បាន​ជា​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ការ​សិក្សា​ស្វែង​យល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​បរទេស។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «យើង​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាជន​និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​សម្រេច​ផ្ដល់​ប្រាក់​ជាង ២​លាន​ដុល្លារ​ចុង​ក្រោយ​នេះ សម្រាប់​ផ្ដល់​ជូន​ក្នុង​ការ​កសាង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ដើម្បី​តម្កល់​ទុក​ឯកសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ នេះ​ជា​ប្រាក់​ដែល​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​អនាគត​នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​គាត់​អាច​ធ្វើ​ការ​សិក្សា​ស្វែង​យល់ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ឬ​ជន​បរទេស​ទាំង​ឡាយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​រឿង​ខ្មែរ​ក្រហម។ គេ​មាន​ឱកាស​ធ្វើ​ការ​ស្រាវជ្រាវ​និង​ស្វែងយល់​ពី​កិច្ចការ​តុលាការ​ដែល​បាន​ធ្វើ​កន្លង​មក​ហ្នឹង។ អា​ហ្នឹង​គេ​ហៅ​ថា កេរ​ដំណែល! អ៊ីចឹង​យើង​អរគុណ​ចំពោះ​ប្រជាជន​និង​រដ្ឋាភិបាល​ជប៉ុន»

ទាក់ទង​នឹង​ថវិកា​ជំនួយ​នេះ​ដែល​មួយ​ផ្នែក​នឹង​សម្រាប់​ប្រើប្រាស់​ដើម្បី​សង់​អគារ​រដ្ឋបាល​ដែល​ជា​ទីស្នាក់ការ​កណ្តាល​របស់​គណៈ​មេធាវី​កម្ពុជា​វិញ លោក​មេធាវី ជីវ សុងហាក់ ប្រធាន​គណៈ​មេធាវី​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ជួយ​ដល់​ដំណើរការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

លោក ជីវ សុងហាក់ បាន​មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ថា នេះ​ជា​ជំហាន​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​កំពុង​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ហ្នឹង ទី​១ កំណែ​ទម្រង់​ក្នុង​ប្រព័ន្ធ​តុលាការ​និង​ច្បាប់ ហើយ​ការ​កែ​ទម្រង់​ក្នុង​ប្រព័ន្ធ​តុលាការ​និង​ច្បាប់​នេះ យើង​ត្រូវ​ធ្វើ​ច្បាប់​ផង យើង​ត្រូវ​ធ្វើ​ទីតាំង​រដ្ឋបាល​របស់​តុលាការ​ផង។ កាល​ណា​យើង​មាន​តុលាការ យើង​ត្រូវ​មាន​គណៈ​មេធាវី គណៈ​មេធាវី​ត្រូវតែ​មាន​ទីតាំង​មួយ​សមស្រប​ដែរ»

ចំពោះ​សំណួរ​ថា​តើ​ស្ថាប័ន​ណា​ដែល​ទទួល​និង​គ្រប់គ្រង​ចាត់ចែង​ថវិកា​ជំនួយ​នេះ លោក​មេធាវី ជីវ សុងហាក់ បាន​ឲ្យ​ដឹង​ថា គឺ​ជា​នាទី​របស់​ក្រសួង​ហិរញ្ញវត្ថុ ៖ «ថវិកា​ជំនួយ​ហ្នឹង គេ​ជួយ​ដល់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ក្នុង​ការ​ជួយ​ហ្នឹង​យក​មក​សាងសង់​អគារ​ហ្នឹង​វា​មាន​អគារ​រដ្ឋបាល​របស់​គណៈ​មេធាវី ហើយ​និង​អគារ​តម្កល់​ឯកសារ​សាលាក្ដី​ខ្មែរ​ក្រហម។ ទឹក​ប្រាក់​ហ្នឹង​ទៅ​រដ្ឋាភិបាល ទៅ​ក្រសួង​ហិរញ្ញវត្ថុ ហើយ​បាន​ចេញ​ពី​ក្រសួង​ហិរញ្ញវត្ថុ​មក​វិញ មក​ធ្វើ​ការ​សាងសង់​ហ្នឹង។ មាន​បង្កើត​គណៈកម្មការ​សាងសង់ គណៈកម្មការ​ដេញ​ថ្លៃ​សាង់សង់​អី។ ខាង​គណៈ​មេធាវី​យើង​ចូលរួម​ដែរ ប៉ុន្តែ​បង្កើត​គណៈកម្មការ​ហ្នឹង​មាន​ខាង​ជប៉ុន មាន​ខាង​រដ្ឋាភិបាល ហើយ​និង​សាលាក្ដី​ខ្មែរ​ក្រហម»

រីឯ​ដំណើការ​នៃ​ការ​សាងសង់​វិញ លោក​ប្រធាន​គណៈ​មេធាវី​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​នេះ ហើយ​ទីតាំង​សាងសង់​គឺ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ៕

ព័ត៌មាន (0)
Share
An error occurred while generating this part of the page. (log)
គេហទំព័រ​ទាំងមូល