អ្នក​កាសែត​សុំ​ឲ្យ​តុលាការ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​អ្នក​កាសែត

អ្នក​សារព័ត៌មាន​ថា ដើម្បី​ការពារ​នូវ​ការ​រំលោភ​បំពាន​ខាង​ផ្លូវ​ច្បាប់​លើ​អ្នក​កាសែត​គេ​ត្រូវ​ការ​មេធាវី​មាន​ជំនាញ​ខាង​កាសែត​ដើម្បី​ការពារ​ខ្លួន​​ទើប​អ្នក​កាសែត​ចាក​ផុត​ពី​គុក​ច្រវាក់​។
ដោយ វោហារ ជាតិ
2009-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ជនជាតិ​ខ្មែរ​កំពុង​អាន​កាសែត​នៅ​ឯ​តូប​លក់​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ ៧ ឧសភា ២០០៧។
បុរស​ជនជាតិ​ខ្មែរ​កំពុង​អាន​កាសែត​នៅ​ឯ​តូប​លក់​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ ៧ ឧសភា ២០០៧។
AFP Photo

ក្នុង​លិខិត​ផ្ញើ​ទៅ​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី២៦ ធ្នូ​នេះ ក្រុម​អ្នក​កាសែត​ខ្មែរ​ជាង ៥០​នាក់ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ដែល​ងាយ​ប្រឈម​នឹង​គុក​ច្រវាក់​ក្នុង​ការ​បំពេញ​តួនាទី​វិជ្ជាជីវៈ​របស់​ខ្លួន​នា​ថ្ងៃ​អនាគត។

លោក ប៉ែន សមិទ្ធិ ប្រធាន​សមាគម​ក្លឹប​មិត្ត​អ្នក​កាសែត​កម្ពុជា​ថ្លែង​ថា ក្រោយ​ពី​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​លើ​ទី​៦ កន្លង​ទៅ​នេះ ក្រុម​អ្នក​កាសែត​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​បី​ចំណុច​សំខាន់​គឺ៖ ទី​១ សុំ​កុំ​ឲ្យ​តុលាការ​បើក​សវនា​ការ​កាត់​ទោស​អ្នក​កាសែត​ភ្លាមៗ ទី​២ សុំ​កុំ​ឲ្យ​ឃុំ​ខ្លួន​អ្នក​បណ្តោះ​អាសន្ន និង​ទី​៣ ​សុំ​ឲ្យ​តុលាការ​ចែក​ឲ្យ​ច្បាស់​អំពី​និយមន័យ​នៃ​ពាក្យ "បរិហារ​កេរ្ដិ៍" និង​ "​ផ្សាយ​ព័ត៌មាន​មិន​ពិត"​។

លោក ប៉ែន សមិទ្ធិ មាន​ប្រសាសន៍​ថា ៖ «ព្រោះ​យើង​មាន​ហេតុផល​ថា បណ្តឹង​អ្នក​កាសែត​វា​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មូលដ្ឋាន​ដែល​រដ្ឋធម្មនុញ្ញ​ធានា​»

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​កាសែត​ពីរ​នាក់​គឺ លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ភ្លាមៗ​ដោយ​ចោទ​ពី​បទ "បរិហារ​កេរ្តិ៍" និង​ "ផ្សាយ​ព័ត៌មាន​មិន​ពិត" ​ដោយ​មិន​មាន​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ។

លោក​ ផៃ​ ស៊ីផាន រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​គ្មាន​អ្វី​គួរ​ឲ្យ​អ្នក​សារព័ត៌មាន​ព្រួយបារម្ភទេ លោក​បន្ត​ថា ដើម្បី​ចៀស​ផុត​ពី​រឿង​ក្តីក្តាំ​អ្នក​កាសែត​គួរ​គោរព​ក្រម​សីលធម៌ និង​ច្បាប់​សារព័ត៌មាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ប្រសើរ​ជាង​។

របាយការណ៍​របស់​អង្គការ​សារព័ត៌មាន​អន្តរជាតិ​បង្ហាញ​ថា យ៉ាង​ហោច​ណាស់ មាន​អ្នក​កាសែត​ខ្មែរ ១០​នាក់​ដែរ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ហើយ​ខ្លះ​ជាប់​គុក និង​រត់​ចោល​ស្រុក​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ប្រកាន់​របប​ប្រជា​ធិបតេយ្យ​ និង​សារព័ត៌មាន​សេរី​តាំង​ឆ្នាំ​១៩៩៣​មក។

លោក កៃ គឹមសុង អ្នក​កាសែតខ្មែរ​ម្នាក់​ដែល​ធ្លាប់​មាន​បទពិសោធន៍​រឿង​ក្តីក្តាំ​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​កន្លង​មក​គិត​ថា អ្នក​កាសែត​គួរ​តែ​មាន​មេធាវី​ការពារ​ទើប​ល្អ។

លោក គឹមសុង បន្ត​ថា ស្ថានភាព​អ្នក​កាសែត​ខ្មែរ​បច្ចុប្បន្ន​មិន​ខុស​ពី​ពេល​មុនៗ​ប៉ុន្មាន​ទេ ៖ «អ្នក​កាសែត​ខ្មែរ​ប្រុង​វេច​បង្វេច​រត់​ដែរ​ហ្នឹង​ណា! បើ​មាន​លទ្ធភាព​បិទ​សាប៊ូ​ប៉្រុច! បើ​សិន​ជា​យើង​អត់​មាន​លទ្ធភាព​មាន​តែ​ដេក​គុក​ បើ​ចង់​រត់​តើ​រត់​ទៅ​ណា​? »

ទាក់ទង​នឹង​រឿង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នេះ​លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​សិក្សា​ព័ត៌មាន​សម្រាប់​កម្ពុជា​ថ្លែង​ថា វិធានការ​ប្រសើរ​សម្រាប់​ការពារ​អ្នក​កាសែត​គឺ​អ្នក​កាសែត​ចាំបាច់​ត្រូវ​មាន​មេធាវី​ការពារ​ខ្លួន ដែល​មេធាវី​នោះ​ចេះ​ជំនាញ​កាសែត​ច្បាស់លាស់​។

លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា ៖ «មេធាវី​សម្រាប់​កាសែត​មាន​តួនាទី​អ៊ី​ចេះ ​នៅ​ពេល​ដែល​យើង​សរសេរ​រឿង​មួយ​អ៊ីចឹង យើង​អត់​ទាន់​ហ៊ាន​ចុះផ្សាយ​ទេ យើង​សួរ​មេធាវី​យើង​សិន តើ​រឿង​នឹង​បើ​យើង​ចុះ​ផ្សាយ​ទៅ​គេ​ប្តឹង​យើង​តើ​យើង​ឈ្នះ​ឬ​ចាញ់»

របាយការណ៍​ក្រសួង​ព័ត៌មាន​បង្ហាញ​ថា មាន​អ្នក​កាសែត​ប្រហែល ២.០០០​នាក់ និង​អង្គការ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ជាង​៦០០ កំពុង​ប្រត្តិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ៕

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

Journalist should have a lawyer that expart in jounalism, inorder to protect their self from prison . Cambodian journalist ease to send to the prison if their article anti government

Dec 31, 2009 09:56 PM

អ្នក​អាន​អនាមិក

Vietnamese courts have no justice for Cambodians.

Dec 30, 2009 08:57 PM

អ្នក​អាន​អនាមិក

I respect faithful journalist; but devil journalist should punish.

Dec 30, 2009 10:09 AM

អ្នក​អាន​អនាមិក

A judge always said disinformation or untrue, but judge never informs us what the true is.

Dec 30, 2009 09:16 AM

គេហទំព័រ​ទាំងមូល