ព្រៃ​ឈើ​ប្រមាណ​២០០​ហិកតារ​នៅ​ស្រុក​បរកែវ ខែត្រ​រតនគិរី ត្រូវ​គេ​អារ​រំលំ

ព្រៃ​ឈើ​ប្រមាណ​២០០​ហិកតារ​ថ្មី​ទៀត​នៅ​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី ត្រូវ​បាន​អារ​រំលំ​រួច​ជា​ស្រេច ហើយ​ប្រមាណ​៧០០​ហិកតារ​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ក្រុម​កម្មករ​ស៊ីឈ្មួល​ច្រើន​សិប​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​អារ​រំលំ​រាល់​ថ្ងៃ​ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០០៨​មក។
ដោយ រដ្ឋា វិសាល
2008-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។
២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។
RFA Photo/Ratha Visal

អ្នក​ភូមិ​នៃ​សហគមន៍​ជនជាតិ​ដើម​ភូមិ​ផ្អរ​ដែល​រស់នៅ​ជិត​តំបន់​ព្រៃ​កាប់​រាន​រាយការណ៍​ថា សកម្មភាព​កាប់​រាន​បាន​និង​កំពុង​ប្រព្រឹត្ត​នៅ​ចំណុច​ព្រៃ​ក្រងសុទេស​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​វរសេនីយ៍​ទោ ហ៊ុន សុខា ជំនួយការ​មេ​បញ្ជាការ​អង្គភាព​កង​អង្គរក្ស​លោក​នាយ​ករដ្ឋមន្ត្រី ហ៊ុន សែន និង​នៅ​ចំណុច​អូរ​ព្រៃឆៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ដែល​ចូល​មក​ទិញ​ដី​នៅ​តំបន់​នោះ។

កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ធ្នូ ឆ្នាំ​២០០៨ វិទ្យុ​អាស៊ីសេរី មន្ត្រី​សមាគម​អាដហុក អ្នក​សារព័ត៌មាន​ក្នុង​ស្រុក អ្នក​ភូមិ​ប្រមាណ​២០​នាក់ និង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ បាន​ចូល​ទៅ​កាន់​តំបន់​កាប់​រាន​ព្រៃ​នោះ ហើយ​ប្រទះ​ឃើញ​ជាក់ស្តែង​នូវ​ព្រៃ​ឈើ​ធំ​តូច​រាប់​ម៉ឺន​ដើម​ដែល​ត្រូវ​បាន​អារ​រំលំ​និង​កំពុង​ប្រឈម​នឹង​ការអារ​រំលំ​បន្ត​ទៀត​ដើម្បី​រាន​យក​ដី ៖ «ព្រៃ​ឈើ​នេះ​វា​ជិត​អស់​ហើយ​រាប់​ពាន់​ហិកតារ។ សូម​អង្វរ​សម្ដេច... ហ៊ុន សែន ជួយ​ជា​បន្ទាន់។ មាន​តែ​ភូមិ​ក្រៀង​ហ្នឹង​លក់ ៨០០​ហិកតារ​ហ្នឹង​សុទ្ធតែ​តំបន់​ព្រៃ​ស្រោង​តែម្ដង»

វរសេនីយ៍​ទោ ហ៊ុន សុខា បដិសេធ​សេចក្តី​ចោទ​នោះ​ថា ៖ «ទិញ​មួយ​គ្រួសារៗ អា​នេះ​លក្ខណៈ​ឯកជន​សុទ្ធ ការចាប់​ចម្ការ​ស្វាយចន្ទី​ទាំងអស់»

ចំណែក​មេការ​ទទួល​ខុស​ត្រូវ​នៅ​ការដា្ឋន​មាន​ទីតាំង​ជាប់​ព្រៃ​កំពុង​កាប់រាន លោក ហួត តារា ទទួល​ស្គាល់​ថា ក្រុមហ៊ុន​លោក​គឺ​ជា​អ្នក​កាប់​រាន​នៅ​តំបន់​អូរព្រៃឆៅ​ក្រោម​ហេតុផល​ថា ដី​នោះ​ក្រុមហ៊ុន​វីនាហុងកុងហ្រ្គូប​បាន​ទិញ​ដើម្បី​ធ្វើ​ការដ្ឋាន​ដាំ​កៅស៊ូ ក៏ប៉ុន្តែ​លោក​មិន​ព្រម​បញ្ជាក់​ពី​ទំហំ​ដី អត្តសញ្ញាណ និង​អាសយដ្ឋាន​ក្រុមហ៊ុន​នោះ​នៅ​ទី​ណា​ឡើយ។

មេ​ឃុំ​កិចុង លោក រចំ ឡៃ ទទួល​ស្គាល់​ថា ដី​នៅ​តំបន់​នោះ​អ្នក​ភូមិ​គឺ​ជា​អ្នក​លក់​ទៅ​ឲ្យ​អតីត​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​ខេត្ត​រតនគិរី គឺ​លោក អួន សុវណ្ណា តាំង​ពី​ឆ្នាំ​២០០៤ បន្ទាប់​អ្នក​ទិញ​ដី​បាន​លក់​បន្ត​ដែល​អាជ្ញាធរ​មិន​បាន​ដឹង។

លោក រចំ ឡៃ បាន​មាន​ប្រសាសន៍​ថា ៖ «ភូមិ​ហ្នឹង​ផ្ទេរ​ឲ្យ​គេ​មែន ក៏​ប៉ុន្តែ​ព្រៃ​ឈើ​យើង​អត់​ដឹង​គេ​កាប់។ អ៊ីចឹង​គេ​ផ្ទេរ​សិទ្ធិ គិត​ថា​ដី​ហ្នឹង​គេ​ឲ្យ​កាន់កាប់​ធ្វើ​ស្រែ ធ្វើ​ចម្ការ​អ៊ីចឹង​ទៅ»

នាយ​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទទួល​បន្ទុក​ស្រុក​បរកែវ លោក សៅ វ៉ាននី មាន​ប្រសាសន៍ថា ពុំ​មាន​ក្រុមហ៊ុន​ណា​មួយ​ត្រូវ​បាន​ផ្តល់​សម្បទាន​នៅ​តំបន់​នោះ​ទេ ៖ «ចាំ​មើល​ខ្ញុំ​ចុះ​ទៅ អ្វី​ដែល​មិន​ទាន់​ដួល តែ​ដួល​ហើយ​ពិបាក​និយា​យគ្នា...»

កាលពី​សប្តាហ៍​មុន​នេះ​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​រក​ឃើញ​គំនរ​ឈើ​មូល​នៅ​ក្នុង​ការដ្ឋាន​ដាំ​កៅស៊ូ​របស់​ឧត្តមសេនីយ៍​ឯក ហ៊ុយ ពិសិដ្ឋ ទីប្រឹក្សា​និង​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី។

តាម​សាក្សី​ដែល​បាន​ឃើញ​គំនរ​ឈើ​អះអាង​ថា មាន​ប្រមាណ​៣០០​ទៅ​៤០០​ម៉ែត្រ​គូប ក៏​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ពី​បរិមាណ​និង​ប្រភព​ឈើ​ផ្លូវការ​ដែល​រក​ឃើញ​នោះ​ទេ ក្រៅ​ពី​អះអាង​ថា​កំពុង​ចាត់ការ​រឿង​នេះ​តែ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល