កម្ពុជា​គ្រោង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ចំណី​អាហារ​Halal

មន្រ្តី​ក្នុង​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ទី​២ កញ្ញា ថា ក្រសួង​ពាណិជ្ជ​កម្ម​កំពុង​តែ​រៀបចំ​បង្កើត​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ចំណី​អាហារ ដែល​ដាក់​ឈ្មោះ​ថា Halal food ដែល​នឹង​ចាប់​ដំណើរការ​នៅ​ពេល​ឆាប់ៗ​ក្នុង​ឆ្នាំ​២០០៩​នេះ។
ដោយ ហ្សាការីយ៉ា
2009-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និស្សិត​ខ្មែរ​អ៊ិស្លាម​ទទួល​ទាន​អាហារនៅ​ពេល​ស្រាយ​បួស​​នៅ​ឯ​ហាង​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២ សីហា ២០០៩។
និស្សិត​ខ្មែរ​អ៊ិស្លាម​ទទួល​ទាន​អាហារនៅ​ពេល​ស្រាយ​បួស​​នៅ​ឯ​ហាង​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២ សីហា ២០០៩។
RFA/Zakariya

រដ្ឋ​លេខាធិការ​ក្រសួង​ការងារ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា លោក អូស្មាន ហាស្សាន់ មាន​ប្រសាសន៍​ថា លោក​បាន​ពិភាក្សា​អំពី​ការ​បង្កើត​គណៈ​កម្មការ Halal ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​ទៅ​លើ​ចំណី​អាហារ​និង​សម្ភារៈ​ប្រើប្រាស់ ដែល​ដាក់​ឈ្មោះ​ថា Halal សម្រាប់​ឲ្យ​ជន​មូស្លីម ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទូទៅ​ប្រើ​ប្រាស់​ដើម្បី​រក្សា​បាន​សុខភាព​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។

លោក អូស្មាន ហាស្សាន់ ថ្លែង​យ៉ាង​ដូច្នេះ ៖ «នៅ​ពេល​ដែល​ផលិត​ហ្នឹង គឺ​មិន​ឲ្យ​មាន​ជាតិ​ស្រវឹង​លាយ​ឡំ មាន​ជាតិ​គ្រឿង​ញៀន​លាយ​ឡំ ហើយ​កុំ​ឲ្យ​មាន​ជាតិ​ខ្លាញ់ អ៊ីចឹង​ចំពោះ​អ្នក​ដែល​គេ​គិត​ពី​សុខភាព​របស់​គេ​ហ្នឹង គេ​សំដៅ​ទៅ​រក​ម្ហូប​អាហារ​ហ្នឹង​ដែរ មិន​មែន​សម្រាប់​តែ​បង​ប្អូន​អ៊ិស្លាម​ទេ»

លោក អូស្មាន ហាស្សាន់ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​មួយ​ចំនួន​ដែល​ជា​ប្រទេស​មិន​មែន​អ៊ិស្លាម​ដូច​ជា​ប្រទេស​អូស្ត្រាលី ប្រេស៊ីល និង​ប្រទេស​ថៃ ជា​ដើម ដែល​ជា​ប្រទេស​នាំ​មុខ​ក្នុង​ការ​បង្កើត​ម្ហូប​អាហារ Halal សម្រាប់​ផ្គត់ផ្គង់​ទៅ​ប្រទេស​អ៊ិស្លាម​នៅ​ប៉ែក​មជ្ឈិម​បូព៌ា។

លោក​បាន​បន្ត​ថា អ្នក​កាន់​សាសនា​អ៊ិស្លាម​នៅ​លើ​សកល​លោក​គឺ​មាន​ជាង ១.៣០០​លាន​នាក់។ លើស​ពី​នេះ​ទៀត អ្នក​ដែល​មិន​មែន​កាន់​សាសនា​អ៊ិស្លាម​ក៏​មាន​តម្រូវការ​ក្នុង​ការ​ប្រើប្រាស់​ម្ហូប​អាហារ Halal និង​សម្ភារៈ​ដាក់​ថា Halal នោះ​ផង​ដែរ ៖ «អ្នក​វិនិយោគ​ហ្នឹង គេ​សម្លឹង​មើល​ឃើញ​ថា គេ​អាច​មក​បង្កើត​ឧស្សាហ​កម្ម​ខាង​ផលិត​ម្ហូប​អាហារ ឬ​ក៏​ការ​វេច​ខ្ចប់​នៃ​ម្ហូប​អាហារ​ហាឡាល់​នេះ តែ​បើ​សិន​ជា​យើង​មាន​ការ​ផលិត​ទៅ វា​អាច​សម្រួល​ដល់​ភ្ញៀវ​ទេសចរ ដូច​យើង​ទៅ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូណេស៊ី ទៅ​ប្រទេស​ថៃ ឬ​បណ្ដា​ប្រទេស​មួយ​ចំនួន យើង​មាន​ម្ហូប​អាហារ​ដែល​យើង​មិន​បាច់​ទៅ​សួរ»

ប្រជា​ពលរដ្ឋ​មួយ​រួប ឈ្មោះ អាដាម នៅ​ខែត្រ​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​គណៈកម្មការ​នេះ​ឡើង គឺ​ធ្វើ​ឲ្យ​ងាយ​ស្រួល​ដល់​សាសនិក​អ៊ិស្លាម ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទូទៅ​ក្នុង​ការ​ស្វែង​រក​ទិញ​ម្ហូប​អាហារ​ទំាង​នោះ​នៅ​លើ​ទីផ្សារ​យក​មក​បរិភោគ ៖ «មាន​ការ​លំបាក​ដែរ ប៉ុន្តែ​តាម​ទំនិញ​នីមួយៗ យើង​អាច​ឃើញ ដូច​ជា​ប្រេង ឃើញ​គេ​ដាក់​អក្សរ ហាឡាល់ អ៊ីចឹង​អត់​ពិបាក​ទេ​អាហ្នឹង ប៉ុន្តែ​ម្ហូប​មួយ​ចំនួន​ទៀត ដូច​ជា​នំ​ចំណី​អ៊ីចឹង​វា​ពិបាក»

គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា លោក​ឧកញ៉ា សុះ កំរី ធ្លាប់​ឲ្យ​ដឹង​ថា ចំណី​អាហារ​ដែល​ហាឡាល់​នេះ​ជា​ម្ហូប​ដែល​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់ ដើម្បី​ធានា​លើ​គុណ​ភាព​និង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​បាន​ប្រើ​ប្រាស់។

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ទៀត​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង គឺ​អាច​បង្កើន​ការងារ​លើ​វិស័យ​ឧស្សាហ​កម្ម​ចិញ្ចឹម​សត្វ​កាន់​តែ​ច្រើន​ទៀត​ដល់​ប្រជា​ពលរដ្ឋ។ ហើយ​ក៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ពី​ប្រទេស​អ្នក​កាន់​សាសនា​អ៊ិស្លាម​កាន់​តែ​ច្រើន​ឲ្យ​មក​ប្រទេស​កម្ពុជា​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល