ប៉ូលិស​ចាប់​ខ្លួន​ឪពុក​វាយ​ធ្វើ​បាប​កូន​នៅ​សៀមរាប

កម្លាំង​នគរបាល​ប៉ុស្តិ៍​នៃ​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​អះអាង​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា គេ​បាន​​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ជា​អ្នក​ភូមិ​អង្គរក្រៅ ហើយ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​​បង្ក​អំពើ​​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​កុមារ ២​នាក់ ដែល​ជា​កូន​ប្រុស​​របស់​គាត់ កំព្រា​ម្ដាយ។
ដោយ ហង្ស សាវយុត
2012-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ចាប់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ឈ្មោះ វិន គ្រួច អាយុ ៥០​ឆ្នាំ បាន​វាយដំ​កូន​ប្រុស​ច្បង​របស់​គាត់​ម្នាក់ ឈ្មោះ គ្រួច គ្រឿន អាយុ ១៧​ឆ្នាំ យ៉ាង​ធ្ងន់ធ្ងរ រហូត​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នាំ​យក​​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ហើយ​ឪពុក​បាន​រត់​គេច​ខ្លួន​អស់​រយៈពេល ១១​ថ្ងៃ​មក។

លោក ឈុម សំបាន ជា​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​គោកចក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​ធ្នូ ថា កម្លាំង​របស់​លោក​បាន​ឆ្មក់​ចាប់​ខ្លួន​បុរស​ឈ្មោះ វិន គ្រួច កាល​​​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​​បុរស​ម្នាក់​នោះ​បាន​រត់​គេច​ខ្លួន​ជាង ១០​ថ្ងៃ​កន្លង​មក​ហើយ។

មន្ត្រី​​នគរបាល​​ដដែល​បាន​ឲ្យ​​ដឹង​ថា សមត្ថកិច្ច​រក​ឃើញ​ថា ឈ្មោះ វិន គ្រួច ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​មក​ហើយ​​ពាក់ព័ន្ធ​នឹង​ករណី​វាយដំ​លើ​រាងកាយ​កូន​ប្រុស​ដែល​កំព្រា​ម្តាយ ២​នាក់​យ៉ាង​ធ្ងន់ធ្ងរ៖ «កន្លង​មក​ធ្វើ​ជាមួយ​ពួក​ខ្ញុំ​ម្ដង ធ្វើ​ជាមួយ​ខាង​ក្រុម​ប្រឹក្សា​សង្កាត់​ម្ដង ចូល​រួម​ជាមួយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់ (LAC) ហើយ​និង​អង្គការ​កល្យាណ​មិត្ត ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​យក​កូន​គាត់​ទៅ​នៅ​បង្ហាត់​បង្រៀន​ក្នុង​អង្គការ​របស់​គេ​នោះ។ គាត់​បាន​ធ្វើ​សន្យា​ជាមួយ​ពួក​យើង​ច្រើន​ដង​ហើយ ពីរ​បី​ដង​ហើយ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​មក បុរស​ឈ្មោះ វិន គ្រួច បាន​វាយដំ​លើ​រាង​កាយ​កូន​ប្រុស​ច្បង​របស់​គាត់​បណ្ដាល​​ឱ្យ​រង​របួស​​យ៉ាង​ធ្ងន់ធ្ងរ និង​កូន​ប្រុស​ប្អូន​ម្នាក់​ទៀត អាយុ ១៣​ឆ្នាំ ពេល​ឃើញ​ហេតុ​ការណ៍​ដូច្នោះ​ ក៏​មាន​ការ​ភ័យ​រន្ធត់ ហើយ​រត់​គេច​មិន​ហ៊ាន​ចូល​ផ្ទះ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​សៀមរាប ​ដែល​តាម​ស៊ើប​អង្កេត​ករណី​នោះ​ បាន​រក​ឃើញ​ថា បុរស​ដែល​​ជា​ឪពុក បច្ចុប្បន្ន​មិន​មាន​ប្រកប​ការងារ​អ្វី​ទេ គឺ​គាត់​តែង​តែ​គំរាម​កំហែង និង​បង្ខំ​ឱ្យ​កុមារ​ទាំង​ពីរ​ដែល​ជា​កូន​ប្រុស​របស់​គាត់​ដើរ​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​នៅ​តាម​តំបន់​អង្គរ យក​ទៅ​ឱ្យ​គាត់​ផឹក​ស្រា។ ប្រសិន​បើ​កុមារ​ទាំង​ពីរ​រក​ប្រាក់​​ឱ្យ​គាត់​មិន​បាន​ច្រើន​ទេ ​គឺ​គាត់​តែង​​វាយដំ និង​ទាត់​ធាក់ ធ្វើ​បាប​ជា​ញឹកញាប់។

ប្រភព​ពី​អ្នក​ភូមិ​អង្គរក្រៅ បាន​ឱ្យ​ដឹង​ថា កាល​ពី​ប្រពន្ធ​នៅ​រស់ គឺ​បុរស​ឈ្មោះ វិន គ្រួច តែងតែ​វាយ​ធ្វើ​បាប​ប្រពន្ធ​ដូចគ្នា​និង​កូនៗ​របស់​គាត់ ២​នាក់​នោះ​ដែរ។

លោក អ៊ុយ សំភា ជា​ព្រះរាជ​អាជ្ញា​រង​ដែល​កាន់​សំណុំ​រឿង​ក្តី​នោះ ​បាន​មាន​ប្រសាសន៍​ថា បុរស​ម្នាក់​នោះ​អាច​នឹង​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា៖ «ចង់​អប់រំ​ណែនាំ​គាត់ ប៉ុន្តែ​ដល់​ពេល​មើល​ទៅ​ឃើញ​ថា គាត់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ពីរ​បី​ដង​ទៅ​ហើយ គាត់​នៅ​តែ​មិន​ព្រម​រាងចាល។ បើ​ទោះ​ជា​យ៉ាង​ណា មក​ដល់​តុលាការ​ក៏​ស្រេច​លើ​ចៅក្រម​ស៊ើបសួរ បើ​គាត់​យល់​ឃើញ​ថា គួរ​ឱ្យ​ធ្វើ​កិច្ចសន្យា​បន្ត​ទៀត​ក៏​អោយ បើ​ថា គាត់​មិន​អនុញ្ញាត​ទេ ឱ្យ​បញ្ជូន​ទៅ​ឃុំ​បណ្ដោះ​អាសន្ន​សិន​ហើយ ដើម្បី​ឱ្យ​គាត់​រាងចាល»

លោក ចៅ ល័ក្ខវណ្ណា អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​គាំទ្រ​​ចំពោះ​សមត្ថកិច្ច​ដែល​ប្រឹងប្រែង​ក្នុង​ការ​តាម​ចាប់​ខ្លួន​បុរស​ម្នាក់​នោះ ហើយ​សង្គម​ស៊ីវិល​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​នោះ ដោយសារ​តែ​គាត់​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​​​ទៅ​លើ​ច្បាប់​ប្រឆាំង​អំពើ​​ហិង្សា​ក្នុង​គ្រួសារ និង​ក្រម​ព្រហ្មទណ្ឌ ស្ដី​​ពី​ការ​បង្ក​របួស​ស្នាម​ ទៅ​លើ​កូនៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Sopheap

ពី siem reap

ខ្ញុំសូមអរគុណចំពោះនគរបាលដែលបានខិតខំវ៉ចញែកនឹងខិតខំស្វែងរក ឪពុកដែលបានបង្កើតគេហើយតែគ្នានការទទួលខុសត្រូវ។

Dec 31, 2012 10:13 AM

គេហទំព័រ​ទាំងមូល