ឈ្មួញ​ម្នា​ក់នៅ​បន្ទាយមានជ័យ​រង​ការចោទ​ថា​ទិញ​ស្រូវ​មិន​បង់​ប្រាក់​គ្រប់​ចំនួន

លោកស្រី សុខ ស៊ីនួន អាយុ​៣៦​ឆ្នាំ រស់​នៅ​ស្រុក​ស្វាយចេក បា​នចោទ​ឈ្មួញ​ម្នា​ក់នៅ​ខេត្ត​បន្ទាយមានជ័យ​ថា បាន​ទិញ​ស្រូវ​ពី​កសិករ​មិន​ព្រម​បង់​លុយ​គ្រប់​ចំនួន។
ដោយ សុផល មុន្នី
2008-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​ធ្នូ​នេះ លោកស្រី សុខ ស៊ីនួន បាន​ចោទ​ឈ្មោះ ផេង សុផាន់ណា នៅ​ស្រុក​ស្វាយស៊ីសុផុន ខេត្ត​បន្ទាយមានជ័យ ថា បាន​ប្រើ​លោកស្រី​ឲ្យ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​ស្រុក​ស្វាយចេក​ចំនួន​៤១​តោន​២៩៥​គីឡូ គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​៣៨៣២៩៦​បាត ហើយ​បាន​ប្រគល់​ប្រាក់​ឲ្យ​មួយចំនួន នៅ​ខ្វះ​ជាង​១០​ម៉ឺន​បាត​ទៀត​មិន​ព្រម​ឲ្យ។

លោកស្រី​បន្ត​ថា លោកស្រី​ជា​អ្នក​ដើរ​ទិញ​ស្រូវ​ស៊ី​ក្បាលកាក់​១០​បាត​ក្នុង​មួយ​បាវ​ពី​កសិករ ចំណែក​ឯ​ស្រូវ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​៩,៣បាត។

លោក​ស្រី​បាន​បន្ត​ថា បើ​សិន​ជា​លុយ​១០​ម៉ឺន​បាត​នោះ ឈ្មោះ ផេង សុផាន់ណា មិន​ព្រម​ឲ្យ​ទេ​នោះ លោកស្រី​មិន​មាន​លុយ​ចេញ​សង​ដល់​អ្នក​ភូមិ​ជាង​១០​គ្រួសារ​ដែល​បាន​លក់​ស្រូវ​ឲ្យ​នោះ​ទេ។

លោកស្រី សុខ ស៊ីនួន បាន​មាន​ប្រសាសន៍​ថា ៖ «ក្រណាស់​បង​អើយ គ្នា​ធ្វើ​ស្រែ​មួយ​ឆ្នាំ​ខ្លះ​បាន​៥​បាវ​លក់ ...មិន​ទាន់​បាន​លុយ​ឲ្យ​គេ អ៊ីចឹង​ខ្ញុំ​មាន​សមត្ថភាព​ពី​ណា... បើ​ខ្ញុំ​មាន​ខ្ញុំ​ធ្វើ​ទៅ​គេ​បាត់​ហើយ។ ខ្ញុំ​ស៊ី​ក្បាលកាក់​ពី​វា​១០​បាតៗ ប្រមូល​ឲ្យ​វា​អ៊ីចឹង​ទៅ»

ផេង សុផាន់ណា ជា​ឈ្មួញ​ទិញ​ស្រូវ​ដែល​រង​ការចោទ​នេះ​បាន​ប្រតិកម្ម​ថា លោកស្រី សុខ ស៊ីនួន បាន​ទិញ​ស្រូវ​សើម​ខ្មៅ​ខូច​គុណភាព​ឲ្យ។

ផេង សុផាន់ណា បាន​បញ្ជាក់​ថា ៖ «គិត​តាម​គីឡូ​ស្រូវ​គាត់​គឺ​៤០​ដើម​ជាង គឺ​គីឡូ​សើម បើ​សិន​ជា​គាត់​គិត​គីឡូ​សើម ខ្ញុំ​ត្រូវ​ខ្វះ​គាត់​ជាង​១០​ម៉ឺន​មែន ក៏​ប៉ុន្តែ​គីឡូ​សើម​ដែល​គាត់​ថា​ខ្ញុំ​ខ្វះ​គាត់​ជាង​១០​ម៉ឺន ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ ព្រោះ​ខ្ញុំ​ទិញ​ពិត​មែន​ស្រូវ​ស្អាត ខ្ញុំ​អត់​ទិញ​ស្រូវ​ខ្មៅ ...ស្រូវ​សើម​អ៊ីចឹង​ទេ»

ផេង សុផាន់ណា បន្ត​ថា ចំនួន​ថវិកា​ជាង​២០​ម៉ឺន​បាត​ត្រូវ​បាន​ប្រគល់​ឲ្យ​លោកស្រី សុខ ស៊ីនួន រួច​ហើយ ហើយ​នៅ​សល់​ថវិកា​ជាង​២​ម៉ឺន​បាត​ទៀត​ប៉ុណ្ណោះ​ត្រូវ​ប្រគល់​ឲ្យ ប៉ុន្តែ​លោកស្រី សុខ ស៊ីនួន មិន​ព្រម​យក។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយចេក​ម្នាក់​បាន​ថ្លែង​ថា មាន​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ដែល​លក់​ស្រូវ​នោះ ហើយ​បច្ចុប្បន្ន​មិន​ទាន់​ទទួល​បាន​ថវិកា ៖ «ច្រើន​ណាស់ ...គេ​ទិញ​ឲ្យ​ស៊ីនួន​ទាំងអស់ ហើយ​ស៊ីនួន​ក៏​លក់​ឲ្យ​ផាន់ណា​ហ្នឹង​ទាំងអស់​ដែរ»

លោក ស៊ី ឌី អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ថ្លែង​ថា ករណី​ខាង​លើ​នេះ​ភាគី​ទាំង​ពីរ​បាន​ស្នើ​ឲ្យ​នគរបាល​ដោះស្រាយ​ដែរ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ ហើយ​លោក​ជុំរុញ​ឲ្យ​ទៅ​ប្តឹង​តុលាការ​ខេត្ត​បន្ទាយមានជ័យ។

លោក ស៊ី ឌី បាន​មាន​ប្រសាសន៍​ថា ៖ «មន្ត្រី​នគរបាល​យុត្តិធម៌​មិន​អាច​ទទួល​បណ្ដឹង​រឿង​រដ្ឋប្បវេណី​បាន​ទេ។ អ៊ីចឹង​ឲ្យ​គាត់​ទៅ​ប្ដឹង​នៅ​តុលាការ»

ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក  សូវាត បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ករណី​នេះ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​តុលាការ​មិន​ទាន់​ទទួល​ពាក្យ​ប្តឹង​ណា​មួយ​ពី​ភាគី​ទាំង​ពីរ​ទេ។

លោក សូវាត មិន​ធ្វើ​អធិប្បាយ​ទេ តែ​ថា​ករណី​នេះ​ជា​បទល្មើស​រដ្ឋប្បវេណី ៖ «ទុក​ឲ្យ​ភាគី​ខាង​ណា​ដែល​គេ​បាត់​ប្រយោជន៍​ហ្នឹង គេ​ប្ដឹង​មក​តុលាការ​រដ្ឋប្បវេណី​ទៅ»

គួរ​បញ្ជាក់​ថា ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០០៨ ក្រោយពី​លោកស្រី សុខ ស៊ីនួន បាន​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​អ្នក​ភូមិ​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល