ពលរដ្ឋ​នៅ​ដី​ក្រហម​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​រុះ​រើ​លំនៅ​ចេញ

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ដី​ក្រហម នា​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន ក្រុង​ភ្នំពេញ នៅ​តែ​ប្រកាន់​ជំហរ​មិន​ចាកចេញ​ពី​លំនៅ​របស់​ពួក​គាត់​ដដែល បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគាត់​ទេ​នោះ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ចុង​ក្រោយ ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​រុះរើ​លំនៅ​ត្រឹម​ថ្ងៃ​ទី​៣០ ធ្នូ​នេះ។
ដោយ ជា មករា
2008-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បើ​តាម​លិខិត​ជូន​ដំណឹង​ចុង​ក្រោយ​របស់​អភិបាល​ខណ្ឌ​ចម្ការមន លោក ឡូ យុយ ចុះ​ថ្ងៃ​ទី​២៥ ធ្នូ បាន​ទាមទារ​ឲ្យ​ពលរដ្ឋ​រុះរើ​លំនៅ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ ធ្នូ ជា​កំហិត។

តំណាង​របស់​ប្រជាពលរដ្ឋ​សហគមន៍​ដី​ក្រហម លោក ចាន់ វិចិត្រ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត នា​រសៀល​ថ្ងៃ​ច័ន្ទ ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​នៅ​សល់​ប្រមាណ​ជា ១២០​គ្រួសារ ទាមទារ​ឲ្យ​ក្រុមហ៊ុន 7NG ផ្ដល់​សំណង​ដល់​ពួក​គាត់​ឲ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ ឬ​ក៏​សង់​លំនៅ​នៅ​នឹង​កន្លែង ជា​ថ្នូរ​នឹង​ការ​យក​ដី​របស់​ពួកគាត់​ទៅ​អភិវឌ្ឍ។

លោក ចាន់ វិចិត្រ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​បាន​ស្នើសុំ​អភិបាល​ក្រុង​សូម​កុំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា កុំ​ឲ្យ​មាន​ការ​ប្រើ​កម្លាំង​បង្ខំ​ប្រជា​ពលរដ្ឋ​ចេញ​ពី​សហគមន៍ និង​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​គ្នា​ដោយ​អហិង្សា»

លោក ចាន់ វិចិត្រ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​បាន​ជួប​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​បាន​ប្រាប់​លោក​ថា ក្រុមហ៊ុន 7NG យល់ព្រម​ផ្ដល់​ផ្ទះ​មួយ​ល្វែង​នៅ​ភូមិ​ដំណាក់​ទ្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ឬ​ក៏ ទឹកប្រាក់ ១០.០០០ ដុល្លារ ក្នុង​មួយ​គ្រួសារ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ចេញ​ពី​លំនៅ​នៅ​ដី​ក្រហម។

ចៅសង្កាត់​ទន្លេបាសាក់ លោក ខាត់ ណារិទ្ធិ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នឹង​ព្យាយាម​សម្រួល​សម្រួល​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ក្នុង​ការ​ឲ្យ​ពួកគាត់​រុះរើ​ចេញ​ពី​លំនៅ ហើយ​និង​ព្យាយាម​មិន​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ឡើយ។

លោក ខាត់ ណារិទ្ធិ ថ្លែង​យ៉ាង​ដូច្នេះ ៖ «សូម​ធ្វើ​យ៉ាង​ណា​យើង​សម្រុះ​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​យើង​ឲ្យ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ... ខាង​ខ្ញុំ ខាង​ខណ្ឌ ខាង​ក្រុង ព្យាយាម​ពន្យល់​បងប្អូន​ធ្វើ​ម៉េច​ឲ្យ​បាន​យល់​ឲ្យ​គាត់​ស្ម័គ្រចិត្ត​ទៅ បើ​គាត់​មិន​ស្ម័គ្រ​ចិត្ត គាត់​ត្រូវ​សំណូមពរ​អំពី​ជម្រើស​គាត់។ យើង​នឹង​ព្យាយាម​ពន្យល់​គាត់»

ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សៀក ម៉េង បាន​សម្ដែង​ការ​ខឹង​សម្បា​ចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​គ្រោង​ជម្លៀស​ពួក​គាត់​ចេញ​ពី​លំនៅ​យ៉ាង​ដូច្នេះ​ថា ៖ «វង្វេង​រង្វាន់​អស់​ហើយ សព្វ​ថ្ងៃ ដោយសារ​តែ​រឿង​ហ្នឹង បន្តិច​គេ​ថា ឈូស​ឯ​លិច បន្តិច​គេ​ថា ឈូស​ឯ​កើត។ ខំ​ប្រមែ​ប្រមូល​កូន​ចៅ ខំ​ប្រឹង​មិន​ឲ្យ​យក​បាន​ទេ»

មន្ត្រី​គម្រោង​អង្កេត​មក​ពី​ក្រុម​ការងារ​សិទ្ធិ​លំនៅ​ដ្ឋាន កញ្ញា បុន រចនា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នោះ​ឡើយ ហើយ​ថា អាជ្ញាធរ​គួរ​តែ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប។

អាជ្ញាធរ​ខណ្ឌ​ចម្ការមន បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ១.៣៧៤​គ្រួសារ​ហើយ ដែល​បាន​ផ្ទេរ​លំនៅ​ទៅ​ភូមិ​ដំណាក់​ត្រយឹង ហើយ​នៅ​សល់ ៩១​គ្រួសារ​ទៀត។ ចំណែក​ឯ​តំណាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​មាន​ចំនួន​ប្រមាណ ១២០​គ្រួសារ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល