ដក​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ម្នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

មន្ត្រី​ការិយាល័យ​​​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ម្នាក់ ត្រូវ​បាន​គេ​ដក​ហូត​ចេញ​ពី​​តួនាទី ដោយសារ​តែ​​​​មាន​ពាក្យ​បណ្ដឹង​រឿង​​ពុករលួយ។
ដោយ ហង្ស សាវយុត
2011-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក​ ង៉ូវ​ សេងកាក់​ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀ​ល​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ ថា មន្ត្រី​របស់​លោក​ម្នាក់​ដែល​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​តួនាទី ដោយសារ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​សូក​ប៉ាន់​ខុស​ច្បាប់។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​ទេសចរណ៍ កាល​ពី​ពេល​ថ្មីៗ បាន​ចេញ​ប្រកាស​មួយ​ ដោយ​សម្រេច​ផ្ទេរ​តួនាទី​លោក ធន់ ចាន់នី ដែល​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍​ឱ្យ​ទៅ​កាន់​តួនាទី​ផ្សេង​វិញ៖ «​និយាយ​ឱ្យ​ចំ​មាន​បណ្តឹង​ទៅ​ក្រសួង ពាក់ព័ន្ធ​នឹង​ករណី​សូក​ប៉ាន់​អី​ហ្នឹង។ ឥឡូវ​ក្រសួង​សម្រេច​ឱ្យ​ខ្ញុំ​សម្រេច​ធ្វើ​បន្ទាន់​មួយ គឺ​រៀបចំ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​ការិយាល័យ​ផ្សេង។ សម្រាប់​ខ្ញុំ​គ្រាន់​តែ​ធ្វើ​តាម​នីតិវិធី​ទេ»

លោក ង៉ូវ សេងកាក់ ដដែល​​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្តូរ​តួនាទី​ប្រធាន​ការិយាល័យ​គ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍​នេះ​ លោក​ក៏​បាន​រៀបចំ​កម្លាំង​ចល័ត ដើម្បី​ធ្វើ​សកម្មភាព​ទប់​ស្កាត់​កុំ​ឱ្យ​មាន​មគ្គុទ្ទេសក៍​​ទេសចរណ៍​ទាំង​ឡាយ​ណា​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ អាច​បន្ត​ការ​ជូន​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តាម​រមណីដ្ឋាន​នានា បាន​ត​ទៅ​ទៀត។ ជាមួយ​គ្នា​នោះ​ដែរ​ មន្ទីរ​ទេសចរណ៍​​បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​ទៅ​គ្រប់​ទីភ្នាក់ងារ​ទេសចរណ៍ និង​ភ្នាក់ងារ​បម្រើ​សេវាកម្ម​ទាំង​អស់​ ឱ្យ​ប្រើប្រាស់​តែ​​មគ្គុទ្ទេសក៍​ទេសចរណ៍​ណា​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

ទោះ​យ៉ាង​ណា លោក ធន់ ចាន់នី ដែល​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​កំពុង​ទទួល​រង​ការ​​ចោទ បាន​បង្ហាញ​ប្រតិកម្ម​មិន​ទទួល​ស្គាល់​ចំណាត់​​ការ​ដក​ហូត​តួនាទី​របស់​លោក​នោះ​ទេ។

លោក ធន់ ចាន់នី បាន​មាន​ប្រសាសន៍​ថា ​លោក​កំពុង​រៀបចំ​ធ្វើ​លិខិត​តវ៉ា​​ការ​ដក​ហូត​តួនាទី​របស់​លោក ​​និង​រៀបចំ​ធ្វើ​ពាក្យ​បណ្តឹង​មួយ​ទៀត ប្រឆាំង​ទៅ​នឹង​អ្នក​ដែល​បាន​ចោទ​ប្រកាន់​រូប​លោក​​​ថា បាន​ទទួល​សំណូក​ក្នុង​ការ​​​បង្កើត​​​ឱ្យ​មាន​ក្រុម​មគ្គុទ្ទេសក៍​ដែល​គ្មាន​អាជ្ញាប័ណ្ណ​​នោះ ដើម្បី​ការពារ​ខ្លួន​របស់​លោក​វិញ។

លោក ធន់ ចាន់នី៖ «ខ្ញុំ​មាន​គំរោង​ធ្វើ​លិខិត​២ ទៅ​ក្រសួង​ហើយ។ លិខិត​១ សុំ​រាយការណ៍​អំពី​សកម្មភាព​ដែល​យើ​ង​ធ្វើ​រាល់​ថ្ងៃ លិខិត​ទី​២​ហ្នឹង យើង​សុំ​បំភ្លឺ​បញ្ហា​ប្តូរ​តួនាទី​ភារកិច្ច​របស់​ខ្ញុំ។អំពី​មូលហេតុ​ថា តើ​ខ្ញុំ​មាន​កំហុស​អី?។ គេ​មាន​ពាក្យ​បណ្តឹង​មួយ​មក​ដល់​ខ្ញុំ​នោះ​ណា ប្តឹ​ទៅ​មន្ទីរ​ រហូត​ដល់​ផ្ទេរ​ភារកិច្ច​របស់​ខ្ញុំ ​ហើយ​​ប្តឹង​ទៅ​មន្ទីរ​នោះ​ មន្ទីរ​ក៏​អត់​ទាន់​បាន​ហៅ​កោះ​ប្រជុំ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ អំពី​កំហុស​ឆ្គង​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន​គាត់​ដែរ»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ កន្លង​ទៅ​​ លោក​ ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​ព្រមាន​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​តាម​រក​មុខ​មន្ត្រី​ណា​ដែល​បាន​ឃុប​ឃិត​បង្កើត​ឱ្យ​មាន​ក្រុម​មគ្គុទ្ទេសក៏​ទេសចរណ៍​​ដែល​គ្មា​នអាជ្ញាប័ណ្ណ​មួយ​ចំនួន ហើយ​ដើរ​ជូន​ភ្ញៀវ​ទេសចរណ៍​នៅ​តាម​រមណីយដ្ឋាន​នានា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីព​របស់​មគ្គុទ្ទេសក៍​​ជា​ច្រើន​​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះ។

ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​អាជីព​​​មួយ​ចំនួន​​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ធ្លាប់​មិន​សប្បាយ​ចិត្ត​​ចំពោះ​​រឿង​នោះ​​ បាន​​​ឱ្យ​ដឹង​ថា ក្រសួង និង​មន្ទីរ​ទេសចរណ៍ បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ចំ​លើ​ឈ្មោះ​មន្ត្រី​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​​អំពើ​សូក​ប៉ាន់​នោះ​ហើយ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​​ចំពោះ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ ដែល​ប្រឆាំង​មន្ត្រី​រូប​នោះ​នៅ​ឡើយ​ទេ។ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំង​នោះ បាន​រិះគន់​ថា ការ​ព្រមាន​ទៅ​លើ​មន្ត្រី​​មិន​ត្រឹមត្រូវ​ ដោយ​គ្រាន់​តែ​ផ្ទេរ​តួនាទី​នោះ គឺ​ជា​ចំណាត់​ការ​​​តូចតាច​មួយ​ដែល​មិន​អាច​ធ្វើ​ឱ្យ​មន្ត្រី​រាង​ចាល​ឡើយ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

All un-license tour guide must pay 150usd per month to tourism police. The one who want to be tour guide in Siem Reap must pay around 2000usd for 3 months studied and license. This is a big corruption in Tourism Industry in Siem Reap Province.

Dec 30, 2011 09:44 PM

គេហទំព័រ​ទាំងមូល