ការ​បង្កើន​ថវិកា​ផ្នែក​យោធា​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ

រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើន​ថវិកា​យោធា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ រួម​ជាមួយ​នឹង​ថវិកា​សម្ងាត់​សម្រាប់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ចាយ​វាយ​ដោយ​ពុំ​បាច់​មាន​ការ​ត្រួត​ពិនិត្យ។
ដោយ សាន សុវិទ្យ
2008-12-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ខែត្រ​សៀមរាប​ដើម្បី​រក​ដំណោះស្រាយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​បា្រសាទ​ព្រះវិហារ ។
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ខែត្រ​សៀមរាប​ដើម្បី​រក​ដំណោះស្រាយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​បា្រសាទ​ព្រះវិហារ ។
RFA Photo/Uy Sophea

កំណើន​ថវិកា​យោធា​នេះ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ក៏​ដូច​ជា​គណបក្ស​ប្រឆាំង​ដែល​និយាយ​ថា ថវិកា​នេះ​នឹង​ត្រូវ​បូម​បញ្ចូល​ទៅ​ក្នុង​ផ្នែក​នានា​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​អាទិត្យ​បាន​ស្រង់​ប្រសាសន៍ លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី​ថា បើ​ទាហាន​នៅ​តែ​គ្មាន​ស្បែក​ជើង គ្មាន​ឯកសណ្ឋាន គ្មាន​ប្រាក់​ខែ​នោះ គេ​អាច​យល់​បាន​ហើយ​ថា ថវិកា​វា​បាន​របូត​បាត់​ទៅ​ទីណា។

លោក​ថា លោក​មិន​ជឿ​ថា អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ពិនិត្យ​យ៉ាង​ពិត​ប្រាកដ​អំពី​វិធី​ដែល​ប្រាក់​ទាំង​នោះ បាន​ត្រូវ​គេ​ចាយ​វាយ​នោះ​ឡើយ។

កាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​សភាជាតិ​ជួប​ប្រជុំ​នៅ​ដើម​ខែ​ធ្នូ​នេះ គេ​រំពឹង​ថា សភា​នឹង​អនុម័ត​ថវិកា​សម្រាប់​ឆ្នាំ​២០០៩ ដែល​នឹង​បង្កើន​ការ​ចំណាយ​លើ​យោធា​ពី ២២៤​លាន​ដុល្លារ​ទៅ ៣០០​លាន​ដុល្លារ ហើយ​ក៏​នឹង​អនុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី មាន​សិទ្ធិ​ប្រើ​ថវិកា​ពិសេស ពី ១៩៦​លាន ទៅ ២២៤​លាន​ដុល្លារ​អាមេរិក។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​សភា បាន​មាន​ប្រសាសន៍​ថា ថវិកា​យោធា​កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​ដទៃ​ទៀត​ឆ្ងាយ​ណាស់ ដែល​ការ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​របស់​បរទេស។

លោក​ក៏​បញ្ជាក់​ផង​ដែរ​ថា នឹង​មិន​មាន​បញ្ហា​ទាហាន​ខ្មោច​ដូច​មុនៗ​ទៀត​ឡើយ។ លោក​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ការ​ជ្រើសរើស​ពី​អ្នក​បោះឆ្នោត​រាប់​លាន​នាក់ ដូច្នេះ​ចាំ​បាច់​ពួក​លោក​ត្រូវ​ធ្វើការ​ឲ្យ​សម​នឹង​ទំនុក​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល