កុមារ​មិន​បាន​ចូល​រៀន​និង​បោះបង់​ការសិក្សា​នៅតែ​មាន​អត្រា​ខ្ពស់

អាជ្ញាធរ​ខ្មែរ​បាន​អះអាង​ថា មាន​កុមារ​ប្រហែល​៣០%​ដែល​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត​មិន​បាន​ចូល​រៀន​ឬ​បោះបង់​ការសិក្សា​ក្នុង​ឆ្នាំ​២០០៨​នេះ ដោយសារ​តែ​ភាព​ក្រីក្រ​និង​ខ្វះ​ការអប់រំ​ពី​ឪពុក​ម្តាយ។
ដោយ ម៉ាយ៉ារិទ្ធិ
2008-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារី​សំឡឹង​មើល​មិត្ត​រួម​ថ្នាក់​ធ្វើ​លំហាត់​នៅ​ក្រៅ​បន្ទប់​រៀន នាថ្ងៃ​ទី ១ កុម្ភៈ ២០០១។
កុមារី​សំឡឹង​មើល​មិត្ត​រួម​ថ្នាក់​ធ្វើ​លំហាត់​នៅ​ក្រៅ​បន្ទប់​រៀន នាថ្ងៃ​ទី ១ កុម្ភៈ ២០០១។
AFP Photo

អភិបាល​រង​ស្រុក​អូរជ្រៅ​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​និង​កុមារ អ្នកស្រី ប៊ុត ស៊ីលន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ក្នុង​ចំណោម​កុមារ​ក្នុង​ស្រុក​អូរជ្រៅ​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្តាយ​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០០៨​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន​ជាង​២០០០​នាក់ ពោល​គឺ​នៅ​ត្រឹម​៣០%​ពី​ចំនួន​ជាង​៧០០០​នាក់​កាលពី​ឆ្នាំ​២០០៦។

អ្នកស្រី ប៊ុត ស៊ីលន បាន​បញ្ជាក់​ថា ៖ «កុមារ​ហ្នឹង​កាល​យើង​ធ្វើ​ផែនការ​វា​ដល់​ទៅ​៧​ពាន់ ហើយ​ឥឡូវ​យើង​ធ្វើ​ទៅ​ឃើញ​ថា​ខ្សោយ​ហើយ នៅ​សល់​ប្រហែល​ជា​ជាង​២​ពាន់​តែ​ប៉ុណ្ណោះ​ឯង។ កត្តា​មួយ​ដែល​គេ​ហៅ​ថា​ភាព​ក្រីក្រ​មួយចំនួន ក៏​យើង​ថា​បាន ហើយ​មួយ​ទៀត​ខ្វះ​ការអប់រំ​ពី​ម្ដាយ​ឪពុក ដូច​ថា​វា​ទៅ​រើស​អេតចាយ​ឬ​ទៅ​ជួយ​អូស​រទេះ វា​ឃើញ​លុយ​ភ្លាមៗ ៣០​-​៤០​បាត​អី​អ៊ីចឹង វា​អរ វា​ខ្ជិល​រៀន»

ប្រភព​បញ្ជាក់​ថា កុមារ​ប្រហែល​៧០%​ទៀត​បាន​ទទួល​ការអប់រំ​ពី​អង្គការ​ដៃគូ​នានា​និង​មាន​ការជំរុញ​ពី​មាតា​បិតា​ឲ្យ​បាន​ចូល​រៀន​នៅ​សាលា​រដ្ឋ​និង​សាលា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប៉ោយប៉ែត។

យោង​តាម​មន្ត្រី​ស្រុក​អូរជ្រៅ​ដដែល កុមារ​ដែល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត​ភាគ​ច្រើន​ពួក​គេ​ទៅ​ស៊ីឈ្នួល​អូស​រទេះ ដក​ដំឡូង ច្រូត​ស្រូវ កាប់​អំពៅ លី​ខោ​អាវ​គីប លក់​ដូរ​ឲ្យ​ថៃ​នៅ​ផ្សារ​ឡុងកឿ ផ្សារ​អារញ្ញ និង​តាម​បណ្តា​វាល​ស្រែ​និង​ភូមិ​នានា​ក្នុង​ខេត្ត​ស្រះកែវ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អាជ្ញាធរ​ខ្មែរ​ដដែល​បាន​បញ្ជាក់​ថា អ្នក​ធ្វើ​ចំណាក​ស្រុក​ដែល​នាំ​កូន​តាម​ជាប់​ជាមួយ​អាច​ច្រើន​ជាង​នេះ បើ​រាប់​ទាំង​អ្នក​មក​ពី​ខេត្ត​ផ្សេងៗ​ហើយ​ឆ្លង​ដែន​តាម​ច្រក​របៀង​ដែល​អាជ្ញាធរ​សមត្ថកិច្ច​មិន​អាច​ក្តាប់​តួលេខ​បាន។

កុមារា សឿន ភឿត អាយុ​១១​ឆ្នាំ មក​ពី​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ដែល​កំពុង​ស៊ីឈ្នួល​កាត់​អំពៅ​នៅ​ក្បែរ​ជើង​ភ្នំ​មួយ​នៃ​ខេត្ត​ស្រះកែវ គឺ​ជា​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​ជា​ច្រើន​នាក់​ដែល​បាត់បង់​ការសិក្សា​ចូល​មក​រក​ការងារ​ធ្វើ​តាម​ឪពុក​ម្តាយ​នៅ​ប្រទេស​ថៃ។

កុមារា សឿន ភឿត បាន​ថ្លែង​យ៉ាង​នេះ​ថា ៖ «អាយុ​១១​ឆ្នាំ ឈប់​រៀន ទៅ​តាម​ម៉ែ​ឪ ទៅ​ធ្វើការ។ ចង់​រៀន ចង់​ចេះ»

កុមារី ណេង មុំ អាយុ​១២​ឆ្នាំ មក​ពី​ស្រុក​ទូកមាស ខេត្ត​កំពត ដែល​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៣ មក​តាម​ឪពុក​ម្តាយ​ជាមួយ​បង​និង​ប្អូន​៤​នាក់​តូចៗ​ផ្សេង​ទៀត​នោះ បាន​មក​ស៊ីឈ្នួល​លក់​សាច់​ក្រក​ឲ្យ​ថៃ​នៅ​ផ្សារ​អារញ្ញ ខេត្ត​ស្រះកែវ។

កុមារី​បាន​សម្ដែង​ការតូចចិត្ត​យ៉ាង​ដូច្នេះ ៖ «បាន​រៀន​ថ្នាក់​ទី​៣។ ឈប់​រៀន​ម៉ែ​យក​មក​ថៃ គាត់​យក​មក​ទាំងអស់​គ្នា។ កូន​គេ​រៀន​ចេះ ហើយ​ម៉ែ​ខ្ញុំ​ឲ្យ​ឈប់ រៀនៗ​ឈប់ៗ។ មក​ធ្វើការ​លក់​សាច់​ក្រក​នៅ​ផ្សារ​ណាត់ មួយ​ថ្ងៃ​គេ​ឲ្យ​១៣០​-​១៤០​បាត»

តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​កាលពី​ឆ្នាំ​២០០៦ កុមារ​កម្ពុជា​ប្រហែល​៣០%​បាន​បោះបង់​ការសិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​១ និង​ទី​២ ៤៣% បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៦ និង​១៩%​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៧​-​២០០៨ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ UNDP បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៣១​ ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៧​នៅ​លើ​សកលលោក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល