កុមារ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ខ្មែរ​-ថៃ​ក្នុង​ខេត្ត​បាត់ដំបង​មិន​ចាប់​អារម្មណ៍​នឹង​ការសិក្សា

រៀងរាល់​ព្រឹក នៅ​មុន​ព្រះ​អាទិត្យ​បញ្ចេញ​រស្មី គេ​សង្កេត​ឃើញ​ក្មេងៗ​ជា​ច្រើន​នាក់ អាយុ​ពី ៧​ឆ្នាំ ទៅ ១៤​ឆ្នាំ បាន​ប្រើ​រទេះ​អូស​ដឹក​ទំនិញ​ឲ្យ​គេ​ដើម្បី​យក​ថវិកា​មក​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ។
ដោយ សុផលមុន្នី
2008-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​នា​ថ្ងៃ​ទី​៣១ សីហា ២០០១ បង្ហាញ​កុមារ​អូស​រទេះ​ដើរ​រើស​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ។
រូបថត​នា​ថ្ងៃ​ទី​៣១ សីហា ២០០១ បង្ហាញ​កុមារ​អូស​រទេះ​ដើរ​រើស​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP File

ក្មេង​ប្រុស​ស្រី ប្រហែល​ជាង ៥០​នាក់​នោះ បាន​ប្រើ​ពលកម្ម​ស៊ី​ឈ្នួល​អូស​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​ទឹក​ដី​ខ្មែ​-ថៃ​តាម​ច្រក​ភ្នំ​ដី ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ដោយ​ពួកគេ​មិន​សូវ​ចាប់​អារម្មណ៍​ពី​ការ​រៀនសូត្រ​នោះ​ទេ។

កុមារី សិទ្ធិ សុភី អាយុ ១៣​ឆ្នាំ ដៃ​កាន់​រទេះ​ភ្នែក​ទាំង​គូ​សម្លឹង​មើល​រនាំង​ច្រក​ទ្វារ​ដែល​នៅ​បិទ​នៅ​ឡើយ បាន​រៀបរាប់​ថា រូប​នាង​បាន​ចាប់​ផ្តើម​អូស​រទេះ​បាន​បី​ឆ្នាំ ហើយ​ក្នុង​មួយ​ព្រឹកៗ នាង​អាច​រក​បាន​ពី ៤០ ទៅ ៥០​បាត ទៅ​ឲ្យ​ម្ដាយ។

សុភី បន្ត​ថា នាង​រៀន​ថ្នាក់​ទី​៣ ប៉ុន្តែ​ជីវភាព​គ្រួសារ​លំបាក ទើប​ពេល​ខ្លះ​នាង​ឈប់​រៀន​ហើយ​មក​អូស​រទេះ​រក​លុយ​ជួយ​គ្រួសារ ៖ «ខ្ញុំ​មក​អូស​រទេះ ២​-៣​ឆ្នាំ​ហើយ តាំង​ពី​អាយុ ១០​ឆ្នាំ។ ប៉ា​ម៉ាក់​អត់​ធ្វើ​អី​ផង ជួនកាល​គាត់​ទៅ​រក​អុស។ បាន​លុយ​យក​ឲ្យ​ម៉ែ»

នៅ​មុន​ម៉ោង​៧​ព្រឹក ក្មេង​ប្រុស​ស្រី​ទាំង​នោះ​ដៃ​កាន់​រទេះ​រៀង​ខ្លួន បាន​ប្រមូល​ផ្តុំ​គ្នា​ឈរ​ចាំ​សមត្ថកិច្ច​បើក​រនាំង​ដើម្បី​ចូល​រក​ដឹក​ទំនិញ​ឲ្យ​គេ។

ស្រី ប៉ុច អាយុ ១៣​ឆ្នាំ ក្នុង​ចំណោម​ក្មេង​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត ដែល​ឈរ​ចាំ​នៅ​ខាង​មុខ​ច្រក​ទ្វារ​នោះ បាន​និយាយ​ថា នាង​បាន​មក​អូស​រទេះ​នេះ​ជិត​មួយ​ឆ្នាំ ហើយ​រូប​នាង​មិន​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ទេ។

ស្រី ប៉ុច រៀបរាប់​ដូច្នេះ​ថា ៖ «ទើប​មក​អូស​ហ្នឹង ជួន​កាល​មួយ​ថ្ងៃ​បាន ៣០ ជួន​កាល ៤០ ជួន​កាល ៥០​[បាត]។ ម៉ែ​ខ្ញុំ​ប្រើ​ឲ្យ​មក​អូស​រទេះ។ ប៉ា​ខ្ញុំ​ធ្វើការ ម៉ែ​ខ្ញុំ​មើល​ប្អូន។ មួយ​ថ្ងៃ​បាន ៥០ ជួន​កាល​បាន ៣០។ ខ្ញុំ​អត់​ទាន់​បាន​រៀន​ទេ ម៉ែ​អត់​ទាន់​ចុះ​ឈ្មោះ​ឲ្យ​ផង»

លោក ដួង ខែម កម្មករ​អូស​រទេះ​ម្នាក់​នៅ​ច្រក​ភ្នំដី ស្រុក​សំពៅលូន បាន​ឲ្យ​ដឹង​ថា រាល់​ព្រឹក ក្មេងៗ​ប្រុស​ស្រី​ប្រហែល​ជាង ៥០​នាក់ បាន​ប្រើ​កម្លាំង​ពលកម្ម​អូស​រទេះ​យក​លុយ​ជួយ​ឧបត្ថម្ភ​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះ​ខាត ហើយ​ពួកគេ​ទាំង​នោះ​មិន​បាន​ចូល​សិក្សា​ទេ។

លោក ដួង ខែម មាន​ប្រសាសន៍​ថា ៖ «ក្មេង​ចំនួន​វា​ច្រើន ព្រោះ​ក្មេង​វា​ច្រើន ចូល ៥០​នាក់​អី គ្រាន់​តែ​មិន​បាន​ចូល​សាលា​ហ្នឹង។ ព្រលឹម​ឡើង ទាំង​អស់​គ្នា​ហ្នឹង ចំនួន​៥០​នាក់​ហ្នឹង​តែ​ម្ដង»

មេភូមិ​គីឡូ​១៣ លោក សុខ ខៃ បាន​ថ្លែង​ថា ក្មេង​ប្រុស​ស្រី​ទាំង​នោះ រស់​នៅ​ភូមិ​គីឡូ​១៣ ភូមិ អូរ និង​ភូមិ​ត្រពាំង​ព្រលឹត បាន​ចាប់​មុខ​របរ​អូស​រទេះ​ជា​រៀង​រាល់​ព្រឹក ដោយសារ​គ្រួសារ​របស់​ពួក​គេ​មាន​ជីវភាព​ក្រីក្រ ហើយ​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​បាន​បោះបង់​ចោល​ការ​សិក្សា​ថែម​ទៀត។ ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​ទៅ​នឹង​ការ​មិន​ចេះ​អក្សរ ហើយ​អាច​ក្លាយ​ខ្លួន​ជា​ក្មេង​មិន​ល្អ។

លោក សុខ ខៃ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ម៉ែ​អត់ ដល់​ទី​ទ័លក្រ ចេះ​តែ​ប្រើ​កូន​អូស​រទេះ​អី​ចិញ្ចឹម​ជីវិត។ បារម្ភ​ដែរ បារម្ភ​ក្មេង​អត់​ចេះ​អក្សរ​ទៅ វា​ទៅ​ជា​អ្នក​ខិល​ខូច​អី​អ៊ីចឹង​ទៅ ទៅ​ជា​អ្នក​លួច​ឆក់​អី​ក៏​មាន​ដែរ។ ការ​រៀន​សូត្រ ឲ្យ​ឪពុក​ម្ដាយ​បង្ខំ​កូន​ទៅ​រៀន​សូត្រ​កុំ​ឲ្យ​ឈប់​ទៅ។ វា​អត់​ចេះ»

ក្រៅ​ពី​ការ​រក​លុយ​ឧបត្ថម្ភ​គ្រួសារ ក៏​មាន​ក្មេង​មួយ​ចំនួន​ផ្សេង​ទៀត​រក​លុយ​បាន យក​ទៅ​លេង​ហ្គេម​ផង​ដែរ។

នៅ​បរិវេណ​ខាង​ក្នុង​ផ្ទះ​មួយ​កន្លែង​ក្នុង​ភូមិ​ជិត​ច្រក​ភ្នំដី​នោះ គេ​សង្កេត​ឃើញ​ក្មេង​ប្រុស​ស្រី​ជិត​១០ មាន​អាយុ​ប្រហែល ១៣​ឆ្នាំ​ចុះ បាន​និង​កំពុង​អង្គុយ​លេង​ហ្គេម​យ៉ាង​សប្បាយ។

អ្នក​ភូមិ​បាន​ថ្លែង​ថា ទូ​ហ្គេម​នៅ​ទីនោះ ក្រៅ​ពី​ក្មេង​ដែល​មាន​ឪពុក​ម្តាយ​មាន​ជីវភាព​ធូរធារ​ចូល​លេង ក៏​មាន​ក្មេង​អូស​រទេះ​មួយ​ចំនួន​បាន​ចំណាយ​លុយ​ចូល​លេង ដោយ​ពួក​មិន​សូវ​គិត​គូរ​ពី​ការ​រៀន​សូត្រ​ទេ។

លោក សៅ ឡាត នាយក​សាសា​បឋម​សិក្សា ហ៊ុន សែន សន្តិភាព ស្ថិត​នៅ​ឃុំ​សន្តិភាព ស្រុក​សំពៅលូន បាន​ថ្លែង​ថា ក្នុង​ចំណោម​សិស្ស ១.២៦៤​នាក់ មាន​សិស្ស​ប្រហែល ១០០​នាក់ បាន​ប្រកប​របរ​អូស​រទេះ​រក​លុយ​រាល់​ថ្ងៃ។

លោក សៅ ឡាត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អ៊ីចឹង​កូន​សិស្ស​នៅ​កន្លែង​នេះ គឺ​រៀន​ផង រក​ស៊ី​ផង អ៊ីចឹង​ការ​សិក្សា​របស់​គាត់​វា​មិន​ល្អ​ប៉ុន្មាន​ទេ ដោយសារ​គាត់​ឆ្លៀត​រកស៊ី។ ច្រើន​ដែរ មិន​អាច​កំណត់​ថា ប៉ុន្មាន​រយ​នាក់​ទេ ប៉ុន្តែ​ស្មាន​ចាប់​ពី ១០០​នាក់​ឡើង​ទៅ មិន​អាច​ក្រោម ១០០​នាក់​ទេ ក្រោម​ក៏​ក្រោម​តិច​តួច​ដែរ។ វិន័យ​វា​សំខាន់​ហើយ ប៉ុន្តែ​ក្មេង​ទីទ័ល​វា​សំខាន់​ជាង​វិន័យ​ទៅ​ទៀត អ៊ីចឹង​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​គេ​ធ្វើការ​តាម​គេ​អាច​ធ្វើ​បាន​ទៅ»

ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង ប្រចាំ​ស្រុក​សំពៅលូន លោក ខាត់ ម៉ុន បាន​មាន​ប្រសាសន៍​ថា ក្មេងៗ​ទាំង​នោះ ភាគ​ច្រើន​គឺ​នៅ​ក្រៅ​សាលា ៖ «ភាគ​ច្រើន​គឺ​ក្មេង​អត់​នៅ​ក្នុង​សាលា ក្មេង​មិន​ដឹង​មក​ពី​ណា​ពី​ណី។ អត់​មាន​កម្មវិធី​អប់រំ​ផង យុវជន​និង​កុមារ​ក្រៅ​សាលា​ហ្នឹង»

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង​វិញ បាន​មាន​ប្រសាសន៍​ថា ភាព​ក្រីក្រ​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រួសារ​ទាំង​នោះ ហើយ​មន្ទីរ​មិន​អាច​ក្មេងៗ​ទាំង​នោះ​ឲ្យ​បាន​ចូល​រៀន​សូត្រ ១០០%​ទេ ៖ «ប៉ុន្តែ​រឿង​ឧបត្ថម្ភ​បន្ទាន់​តែ​ម្ដង មាន​លុយ​កាក់​ទៅ​លួង​គាត់​ថា យក​ទៅ​ចិញ្ចឹម​គ្រួសារ​ទៅ ដើម្បី​ឲ្យ​វា​មាន​រៀន​អី យើង​ឈាន​អត់​ទាន់​ដល់​ហ្នឹង»

លោក​បន្ត​ថា នៅ​តំបន់​មាន​ទីផ្សារ​ពលកម្ម​កុមារ ក្មេងៗ​ទាំង​នោះ​បាន​ឆក​ឱកាស​ធ្វើការ​រក​ចំណូល​ជួយ​គ្រួសារ ដូច្នេះ​ការ​រៀនសូត្រ​របស់​ពួក​គេ គឺ​មិន​មាន​និរន្តភាព​ទេ។

លោក​បន្ត​ថា នៅ​ទូទាំង​ខេត្ត​បាត់ដំបង ក្នុង​ចំណោម​កុមារ​ដែល​មាន​វ័យ​បឋម​សិក្សា មាន ៧ ទៅ ៨% បាន​ចុះ​ឈ្មោះ ហើយ​បោះបង់​ចោល​ការ​សិក្សា ដែល​បណ្តាល​មក​ពី​កត្តា​ជីវភាព​គ្រួសារ ការ​ធ្វើ​ចំណាក​ស្រុក និង​បញ្ហា​អាហារូបត្ថម្ភ។

នាយក​សាលា​បឋម​សិក្សា ហ៊ុន សែន សន្តិភាព បាន​មាន​ប្រសាសន៍​ថា ការ​ប្រកប​របរ​អូស​រទេះ​ដើម្បី​រក​ថវិកា​មក​ជួយ​ជីវភាព​គ្រួសារ​របស់​ក្មេងៗ​ទាំង​នោះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សារ​របស់​ពួកគេ។ 

លោក​បាន​អំពាវនាវ​ឲ្យ​មាតា​បិតា​ក្មេង​ទាំង​នោះ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កូនៗ​របស់​ពួកគេ​បាន​រៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា ៖ «មាតា​បិតា​ហ្នឹង​ជួយ​គិត​គូរ​អនាគត​កូន​ផង បន្ទាប់​ពី​គ្រូ​ទៅ​គឺ​អាណាព្យាបាល​ហ្នឹង​ហើយ។ គ្រូ​ជួយ​បង្ហាត់​បង្រៀន​មែន ប៉ុន្តែ​បើ​អាណាព្យាបាល​មិន​ជួយ​ជំរុញ​មក ក៏​គ្រូ​បាន​បង្រៀន​ឯ​ណា បើ​សិស្ស​អត់​មក»

ទាក់​ទិន​ទៅ​នឹង​បញ្ហា​ក្មេងៗ​ដែល​កំពុង​ប្រកប​របរ​អូស​រទេះ​យក​លុយ​មក​ជួយ​គ្រួសារ​នេះ ក្រុម​មន្ត្រី​អប់រំ​បាន​សម្តែង​ការ​បារម្ភ​ថា ក្មេងៗ​ទាំង​នោះ​នឹង​គ្មាន​អនាគត​ល្អ​ទេ បើ​សិន​ពួក​គេ​មិន​បាន​ចូល​រៀន​នៅ​សាលា​ទេ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល