មាន់​ប្រមាណ​១០០​ក្បាល​កើត​ជំងឺ​ងាប់​ជា​បន្ត​បន្ទាប់​នៅ​រតនគិរី

អ្នក​ភូមិ​រាយការណ៍​ថា សត្វ​មាន់​ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​១០០​ក្បាល​បាន​កើត​ជំងឺ​ហើយ​ងាប់​បន្ត​បន្ទាប់​គ្នា​កាល​ពី​សប្តាហ៍​មុន​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ នៅ​ឯ​ភូមិ​អូរកប ទីរួម​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី។
ដោយ រដ្ឋា វិសាល
2008-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រែក​មាន់​នៅ​ឯ​ផ្សារ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១២ ធ្នូ ២០០៨។
កម្មករ​រែក​មាន់​នៅ​ឯ​ផ្សារ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១២ ធ្នូ ២០០៨។
AFP Photo

មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ថា​មាន់​អ្នក​ភូមិ​ដែល​ងាប់​នោះ​បណ្តាល​មក​ពី​ហេតុ​អ្វី​នោះ​ទេ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ក៏​ពុំ​ទាន់​មាន​សញ្ញាណ​អ្វី​ប៉ះពាល់​ដល់​សុខភាព​ឬ​អាយុ​ជីវិត​អ្នក​ភូមិ​ណា​ម្នាក់​ដែរ ក៏​ប៉ុន្តែ​អ្នក​ភូមិ​សម្ដែង​ការព្រួយ​បារម្ភ​ខ្លាច​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​កើត​មាន​នៅ​តំបន់​មាន់​ងាប់​នោះ ហើយ​ពួក​គេ​អំពាវនាវ​ឲ្យ​ស្ថាប័ន​សុខាភិបាល​ចាត់​មន្ត្រី​ទៅ​ពិនិត្យ​សភាពការណ៍​នេះ។

អ្នក​ភូមិ​ឈ្មោះ សាំង លីដា បញ្ជាក់​ពី​ស្ថានភាព​មាន់​គាត់​ដែល​បាន​ងាប់ ៖ «កំពុង​តែ​ដើរ ស្រាប់តែ​សំកុក​តែ​មួយ​ថ្ងៃ ប្រកាច់​ងាប់​តែម្ដង។ មាន់​ខ្ញុំ​ងាប់​ហើយ​មាន់​អ្នក​ជិត​ខាង​ក៏​ងាប់​គ្រប់​គ្នា​ហ្នឹង។ មិន​ហ៊ាន​ប៉ះពាល់​វា​ផង​មាន់​ឈឺ​ហ្នឹង»

ចំណែក​អ្នក​ភូមិ​ឈ្មោះ ឯម សុវណ្ណ មាន​ប្រសាសន៍​ដែរ​ថា ក្រុម​មន្ត្រី​សុខាភិបាល​ជា​ពិសេស​ផ្នែក​ការពារ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ពុំ​ទាន់​បាន​ទៅ​ពិនិត្យ​ភូមិ​ដែល​មាន​មាន់​ងាប់​នោះ​ទេ ហើយ​នោះ​គឺ​ជា​ការព្រួយ​បារម្ភ​ចំពោះ​អ្នក​ភូមិ​មួយចំនួន​ដែល​បាន​យក​សាច់​មាន់​ងាប់​ទៅ​បរិភោគ​ដែល​គេ​ព្រួយ​បារម្ភ​ថា អាច​ប្រឈម​មុខ​ទៅ​នឹង​ការឆ្លង​ជំងឺ​ប្រសិន​មាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​កើត​មាន​នៅ​ទី​នោះ។

លោក ឯម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ខ្លះ​គាត់​អត់​ហ៊ាន​យក​ទៅ​ហូប​ទេ អ្នក​ខ្លះ​គាត់​មិន​ហ៊ាន​គាត់​យក​ទៅ​កប់​ទៅ។ ប្រជាពលរដ្ឋ​មិន​ដឹង​រាយការណ៍​ឲ្យ​អាជ្ញាធរ​ណា ព្រោះ​អាជ្ញាធរ​សំខាន់​បំផុត​ឲ្យ​គាត់​ហ្នឹង​ចុះ​មក​តាម​មូលដ្ឋាន ហើយ​គាត់​មិន​ដែល​ចុះ​មក​មូលដ្ឋាន សូម្បីតែ​មេ​ភូមិ​ហ្នឹង​មិន​ដែល​មក​ប្រឹក្សា​ជាមួយ​ប្រជាពលរដ្ឋ​ផង»

តាំង​ពី​មាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​កើត​មាន​នៅ​ប្រទេស​កម្ពុជា​មក ក្រុម​អាជ្ញាធរ​ខេត្ត​រាយការណ៍​ថា ពុំ​ទាន់​មាន​ករណី​រក​ឃើញ​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​កើត​មាន​នៅ​ខេត្ត​រតនគិរី​ទេ បើ​ទោះ​បី​មាន​របាយការណ៍​ពី​បណ្តា​ស្រុក​មួយចំនួន​ដែល​មាន​មាន់​ងាប់​ខុស​ប្រក្រតី​កើត​មាន​ស្ទើរ​រៀងរាល់​ឆ្នាំ​ក្តី។

មេ​ឃុំ​ម៉លិង លោក រម៉ាម ផាន់ មាន​ប្រសាសន៍​ថា ក្រៅ​ពី​មាន់​ងាប់ គោ​ក្របី​អ្នក​ភូមិ​ក៏​មាន​ងាប់​ដូច​គ្នា។ លោក​ថា អ្នក​ភូមិ​តែង​ជួប​ប្រទះ​ករណី​នេះ​ស្ទើរ​រៀងរាល់​ឆ្នាំ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា មាន​ប្រសាសន៍​ថា ពិត​ជា​មាន​មាន់​អ្នក​ភូមិ​ខាង​លើ​ងាប់​មែន ហើយ​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ករណី​នេះ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ខ្លាច​មាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី។

លោក​ថា អាកាសធាតុ​ប៉ុន្មាន​ថ្ងៃ​នេះ​ប្រែប្រួល​អាច​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​មាន់​ងាប់ ៖ «...ងាប់​ប្រហែល​ជា​បី​គីឡូម៉ែត្រ​ពី​គ្នា​ម្ដុំ​ហ្នឹង។ ពួក​ជំនាញ​គេ​មើល​រោគ​សញ្ញា​សិន ហើយ​យើង​មាន​វិធានការ​រក​អី យើង​កាន់​អី​ទៅ​មើល​មើល៍​តើ​វា​យ៉ាង​ម៉េច?»

កាលពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​ធ្នូ ឆ្នាំ​២០០៨​នេះ មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ស្រង់​ប្រសាសន៍​ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាល​នៃ​ក្រសួង​កសិកម្ម លោក កៅ ផល ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នា​រដូវ​រងា​ពី​ខែ​ធ្នូ​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០០៩។

នៅ​ឆ្នាំ​២០០៥ មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​បាន​ស្លាប់​នៅ​ខេត្ត​កំពត ឆ្នាំ​២០០៦ ស្លាប់​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រៃវែង ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៧ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ខេត្ត​កំពង់ចាម ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល