កម្ពុជា​បដិសេធ​ដោះលែង​សកម្មជន​អាវ​លឿង​ថៃ​២​នាក់

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​បដិសេធ​មិន​ព្រម​ដោះ​លែង​សកម្មជន​អាវ​លឿង​ថៃ ២​នាក់ មាន​ឈ្មោះ​លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) និង​អ្នកស្រី រ៉ាត់ទ្រី ផៃប៉ូតាណាផៃប៊ូន (Ratree Paiputanapaiboon) ដោយ​បាន​បញ្ជាក់​ថា កម្ពុជា​ទុក​ឲ្យ​អ្នក​ទាំង ២​នាក់​នេះ​បន្ត​ជាប់​ទោស​ចំនួន ២/៣ នៃ​ទោស​សរុប​សិន ផ្អែក​តាម​ច្បាប់​កម្ពុជា។
ដោយ សុខ សេរី
2011-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល (Surapong Towijakchaikul) [ឆ្វេង] និង​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល (Surapong Towijakchaikul) [ឆ្វេង] និង​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Sok Serey

ការ​បដិសេធ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល (Surapong Towijakchaikul) កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ដែល​បាន​ស្នើ​សុំ​ការ​បន្ថយ​ទោស ឬ​លើក​លែង​ទោស​ដោយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល នៅ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា រដ្ឋាភិបាល​កម្ពុជា បាន​ណែ​នាំ​ឲ្យ​អាជ្ញាធរ​គុក​ព្រៃ​ស យក​ចិត្ត​ទុក​ដាក់​លើ​ការ​រស់​នៅ​ក្នុង​គុក​របស់​សកម្មជន​អាវ​លឿង​ថៃ ទាំង ២​នាក់​នោះ។

លោក ហោ ណាំហុង៖ «ប៉ុន្តែ​អំពី​បញ្ហា​លើ​ការ​ដោះលែង​ទោស វា​នៅ​ត្រង់​ថា កម្ពុជា​យើង​មាន​បញ្ហា​មួយ គឺ​ច្បាប់ គឺ​ទាល់​តែ​ទណ្ឌិត​ហ្នឹង​ជាប់​ទោស​បាន ២/៣ សិន បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​បាន»

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទេ​ប្រាប់​អ្នក​កាសែត​ចំពោះ​លក្ខខណ្ឌ​នេះ​ទេ។ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ជំនួប​នៅ​ថ្ងៃ​នេះ គឺ​ប្រកប​ដោយ​សញ្ញា​វិជ្ជមាន។ លោក​បាន​មាន​ប្រសាសន៍​ជា​ភាសា​ថៃ ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ទស្សនកិច្ច​របស់​ខ្ញុំ​ក្នុង​ពេល​នេះ គឺ​ដំណើរ​ទៅ​បាន​យ៉ាង​ល្អ ដោយ​យើង​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ស្មោះស្ម័គ្រ និង​យ៉ាង​ពិត​ប្រាកដ​ក្នុង​ចិត្ត​បំផុត»

សាលា​ឧទ្ធរណ៍​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​សម្រេច​ដក​ពាក្យ​ប្តឹង​ទាស់​ប្រឆាំង​នឹង​សាលក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​សំណើ​របស់​សកម្មជន​អាវ​លឿង​ថៃ ចំនួន ២​នាក់​នោះ។

អ្នក​ទាំង ២​នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​កម្ពុជា-​ថៃ ក្រោម​បទ​ចារកម្ម​ប្រមូល​ព័ត៌មាន​សម្ងាត់​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក វីរៈ ស៊ុំក្វាមឃីត ឲ្យ​ជាប់​គុក​រយៈពេល ៨​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១.៨​លាន​រៀល ចូល​ថវិកា​រដ្ឋ។ 

សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ផ្ដន្ទាទោស​ឲ្យ​អ្នកស្រី រ៉ាត់ទ្រី ផៃប៉ូតាណាផៃប៊ូន ជាប់​គុក​រយៈពេល ៦​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១.២​លាន​រៀល​ចូល​ថវិកា​រដ្ឋ។
អ្នក​ទាំង ២​នាក់​នេះ ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោម​បទ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ និង​បទ​ចូល​ទី​លាន​យោធា​កម្ពុជា ក្នុង​បំណង​ទុច្ចរិត និង​បទ​ប្រមូល​ផ្តុំ​ព័ត៌មាន​សម្ងាត់​ប៉ះពាល់​សន្តិសុខ​ជាតិ។

កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទេ ដរាបណា​មិន​បាន​បំពេញ​ទោស​ចំនួន ២/៣ នៃ​ទោស​សរុប​តាម​ច្បាប់​កម្ពុជា៕

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

កាសម្រេចចិត្តបែបនេះ ជាការសម្រេចិត្តដ៏ត្រឹមត្រូវ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ រដ្ឋាភិបាលគួបន្តឃុំខ្លួនជនជាតិថៃទាំងពីរឱ្យបានយូរជាងនេះទៀត ដើម្បីធ្វើជាយុទ្ធសាស្រ្តនយោបាយទៅថ្ងៃមុខជាមួយថៃ។

Mar 03, 2012 07:11 AM

អ្នក​អាន​អនាមិក

នេះជាជាការឆ្លើយតបមួយដ៌ល្អប្រសើរ។​

Dec 31, 2011 12:27 AM

អ្នក​អាន​អនាមិក

ស្ដេចគ្មានអំណាចធំដុំទេ រួចច្បាប់ស្រុកខ្មែរមិនត្រូវបានពួក
គេគោរពទៀត សំខាន់បើហ៊ុនសែន ស្រែកតែមួយម៉ាត់
ឱ្យដោះលែងទណ្ឌិទទាំងពីរនឹងបានចាកផុតពីគុកព្រៃជា
បន្ទាន់ ។ អ្នកណាក៏ខ្លាចហ៊ុនសែន ក្នុងពិភពលោកនេះ។

Dec 29, 2011 07:58 AM

គេហទំព័រ​ទាំងមូល