មន្ត្រី​យោធា​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​កិបកេង​ប្រាក់​សោធន​និវត្តន៍

អតីត​យោធិន​កាត់​រំសាយ​ និង​គ្រួសារ​យោធិន​ពលី​ជា​ច្រើន​នៅ​ខេត្ត​បាត់ដំបង បាន​ចោទ​ប្រកាន់​មន្ត្រី​យោធា​ខេត្ត​ និង​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាត់ដំបង ពី​បទ​កិបកេង​ប្រាក់​ខែ​របស់​ពួក​គាត់​ជា​ច្រើន​លាន​រៀល នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ សួន សុផលមុន្នី
2011-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក យី សារឿន អាយុ ៥០​ឆ្នាំ រស់​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ លោក​បំរើ​ទ័ព​តាំង​ពី​ឆ្នាំ​១៩៩២​ រហូត​ដល់​ឆ្នាំ​២០០៦​ ត្រូវ​អង្គ​ភាព​កាត់​រំសាយ​ដោយសារ​រូប​លោក​មាន​ជំងឺ​ងងឹត​ភ្នែក។

លោក​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​ធ្នូ ថា ​តំាង​ពី​ការ​កាត់​រំសាយ​មក​លោក​ពុំ​​ដែល​​បាន​​ទទួល​ប្រាក់​សោធន​និវត្តន៍​ទេ។ លោក​បាន​ខ្ចី​លុយ​ពី​នាយ​ទាហាន​ឈ្មោះ ​ឌឹម​ ផាឌឹប ចំនួន ៩៥​ម៉ឺន​រៀល ​និង ២០​ម៉ឺន​រៀល​ ហើយ​សុខ​ចិត្ត​ឲ្យ​លោក​ ឌឹម​ ផាឌឹប​ កាត់​យក​ប្រាក់​ខែ​​របស់​ខ្លួន។ ប្រាក់​ខែ​របស់​លោក​ក្នុង​មួយ​ខែ​ទទួល​បាន​ជាង ១០​ម៉ឺន​រៀល ​ដែល​ក្នុង​មួយ​ឆ្នាំ​បាន​​ជាង ១​លាន​​រៀល។

លោក​បន្ត​ថា​ លុះ​ឆ្នាំ​២០០៩​ លោក​ ឌឹម​ ផាឌឹប​ បាន​សុំ​យក​កាត​ទាហាន​របស់​លោក​ទៅ​រក្សា​ទុក។ លុះ​ដល់​ខែ​តុលា ​ឆ្នាំ​២០១០​ លោក​ ឌឹម​ ផាឌឹប​ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​កាត់​ឈ្មោះ​លោក​ចេញ​ពី​អង្គភាព​ទ័ព​ដាក់​ចូល​ទៅ​​មន្ទីរ​សង្គមកិច្ច​ទេ។ ឈ្មោះ​របស់​លោក​នៅ​សង្គមកិច្ច​ត្រូវ​បាន​គេ​យក​រូបថត​មនុស្ស​​ផ្សេង​ទៅ​បិទ​លើ​បើក​លុយ​ជំនួស​រូប​លោក។

លោក យី សារឿន រៀបរាប់​បន្ថែម៖ «ឈ្មោះ​ខ្ញុំ​នៅ​ដដែល តែ​យក​អ្នក​ផ្សេង​ទៅ​បើក​លុយ។ ខ្ញុំ​ថា ​ឲ្យ​គាត់​ស៊ី​ប្រាក់​ខែ​ទេ ​ដល់​ពេល​ប្រាក់​ឧបត្ថម្ភ​ពី​ក្រសួង​ការពារ​ជាតិ​ក៏​ខ្ញុំ​អត់​ឲ្យ​ដែរ ​ឲ្យ​តែ​ប្រាក់​ខែ ​ហើយ​គាត់​យក​លុយ​ហ្នឹង​ទាំង​អស់​ហើយ​មិន​បាន​ប្រាប់​មក​យើង​ថា ​ពេល​កាត់​បង​ឯង​ឡើង​ទទួល​លុយ​ ពិបាក​ពេក​ចែក​គ្នា​ពាក់​កណ្តាល​បាន ១​លាន​ ចែក​គ្នា ៥០​ម៉ឺន​ ដល់​ពេល​បាន​កាត់​ គេ​បើក​យក​តែឯង ហើយ​យើង​អត់​ដឹង​ថា ​កាត់ ឬ​មិន​កាត់​ អ្នក​ប្រចាំ​បុង​ប័ណ្ណ​ជាប់​យ៉ាង​តិច​ក៏ ៣០​នាក់​ដែរ»

អតីត​យោធិន​ពិការ​ម្នាក់​ទៀត​ ឈ្មោះ ​សេង​ ឆេង អាយុ ៤៩​ឆ្នាំ រស់​នៅ​ភូមិ​រំចេក​៣ ឃុំ​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ លោក​បាន​បំរើ​ទ័ព​តាំង​ពី​ឆ្នាំ​១៩៧៩ ​នៅក​ងពល​លេខ​៥៣ ក្នុង​ខេត្ត​បាត់ដំបង។ នៅ​អំឡុង​ឆ្នាំ​១៩៩៦​ លោក​បាន​របួស​ជើង​នៅ​ពេល​ច្បាំង​គ្នា​ជាមួយ​កង​ទ័ព​ខ្មែរ​ក្រហម ហើយ​​ត្រូវ​បាន​អង្គភាព​កាត់​ចេញ​ពី​កង​ពល​លេខ​៥៣ មក​នៅ​អង្គភាព​យោធា​ខេត្ត​បាត់ដំបង។

លោក​បាន​ឲ្យ​​ដឹង​ទៀត​​ថា ​ដោយសារ​ខ្លួន​ពិការ​គ្មាន​មុខ​របរ​ និង​ជីវភាព​ក្រីក្រ​លំបាក​ផងនោះ ​កាល​ពី​ឆ្នាំ​២០០៦​ លោក​ក៏​បាន​លក់​ប័ណ្ណ​បើក​ប្រាក់​ខែ​ឲ្យ​លោក​សក្តិ​បី ឌឹម ផាឌឹប​ ក្នុង​តំលៃ ៨០​ម៉ឺន​រៀល​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ។ លុះ​បាន​គ្រប់​ពីរ​ឆ្នាំ ​លោក​បាន​ទៅ​សុំ​ឲ្យ​បុង​បើក​ប្រាក់​ខែ​នោះ​មក​វិញ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «លោក​យូរ​ឆ្នាំ​ហើយ​ខ្ញុំ​ល្មម​យក​បុង​ហ្នឹង​មក​វិញ ​ល្មម​គ្រប់​គ្រាន់​ហើយ។ ទេ​រឿង​បុង​អ្ហែង អាញ់​យក​ដាច់​ហើយ ​ឥឡូវ​រាជ​រដ្ឋា​ភិបាល​សុំ​យក​បុង​ហ្នឹង​ដាច់​មិន​បាច់​មក​តវ៉ា​ទេ បើ​ត​វ៉ា​ទៀត​ប្រយ័ត្ន​ខ្នោះ។ តួនាទី​សក្ដិ ៣ ក១»

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់​ទង​សុំ​សេចក្តី​បញ្ជាក់​បញ្ហា​នេះ​ពី​លោក​សក្ដិ​បី ឌឹម ផាឌឹប ជា​មន្ត្រី​យោធា​ខេត្ត និង​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាត់ដំបង បាន​ទេ។

លោកស្រី ខ្លុយ សឿប អាយុ ៥៤​ឆ្នាំ​ត្រូវ​ជា​ប្រពន្ធ​យោធិន​ពលី​ឈ្មោះ ជុំ សាវី។ លោក ជុំ សាវី អតីត​ទាហាន​នៅ​កង​ពល​៥២ ក្នុង​ខេត្ត​បាត់ដំបង។ លោកស្រី​បន្ត​ថា ក្រោយ​ពី​ប្តី​របស់​លោកស្រី​ធ្លាក់​ខ្លួន​ពិការ អង្គភាព​ទ័ព​បាន​កាត់​ឈ្មោះ​ចូល​សង្គមកិច្ច។ មន្ទីរ​សង្គម​កិច្ច​បើក​ប្រាក់​ឲ្យ​រាល់​ខែ ដោយ​ក្នុង​មួយ​ខែៗ​បាន​ចំនួន​ជាង ១០​ម៉ឺន​រៀល។ លុះ​ដល់​ឆ្នាំ​១៩៩៧ ប្តី លោកស្រី​បាន​ស្លាប់​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​បង្គាប់​ឲ្យ​លោកស្រី​លាក់​ឈ្មោះ​ប្តី​ទុក​កុំ​ប្រាប់​គេ​ឲ្យ​ដឹង។

​លោកស្រី​បន្ត​ថា ស្រាប់​តែ​នៅ​ខែ​កក្កដា ឆ្នាំ​២០១០​ គេ​ឈប់​បើក​ប្រាក់​ខែ​ឲ្យ ដោយ​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ប្រាប់​លោកស្រី​ថា ឈ្មោះ​ប្ដី​ត្រូវ​បាន​គេ​កាត់​ចេញ​ពី​មន្ទីរ​សង្គមកិច្ច។ ​លោកស្រី​បន្ត​ថា ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១១ លោកស្រី​បាន​ទៅ​សួរ​នាំ​មន្ត្រី​សង្គមកិច្ច​ខេត្ត​បាត់ដំបង ពី​រឿង​ប្រាក់​ខែ​របស់​គ្រួសារ​ពលី តែ​ត្រូវ​គេ​ស្តី​បន្ទោស​ទៅ​វិញ។

លោកស្រី ខ្លុយ សឿប៖ «សួរ​ទៅ​គេ​ថា​ យក​ទោស​យក​រឿង​​យក​​ហេតុ​មក​ឲ្យ​គេ ​លុយ​ខំ​ជួយ​លាក់​ឲ្យ​បាន​​ស៊ី​មិន​ចេះ​តិច​ខែ​តិច​ឆ្នាំ​ហើយ​ មក​រក​រឿង​ទៀត។ ឈ្មោះ​លាក់ អ្នក​និយាយ។ ​ខ្ញុំ​សួរ​ថា ​នាង​អ្ហែង​កាត់​ចោល​ម៉េច បើ​លុយ​គោល​នយោបាយ ​ក៏​អត់​បាន គេ​បាន​រាប់​លាន​គ្រប់​គ្នា ​ខ្ញុំ​អ​ត់​បាន​សោះ នាង​អ្ហែង​កាត់​ម៉េច?»

ក្រុម​គ្រួសារ និង​អតីត​យោធិន​ទាំង​នោះ ​បាន​ត្អូញ​ត្អែរ​ថា ​គ្រួសារ​មាន​សមាជិក​កូន​ចៅ​ច្រើន​ពុំ​មាន​មុខ​របរ​ជាក់​លាក់​ខ្លះ​ដើរ​រើស​អេត​ចាយ​ខ្លះ​ស៊ី​ឈ្នូល​ធ្វើ​ការ​ឲ្យ​គេ និង​ធ្វើ​ជា​កម្មករ​សំណង់​មាន​ជីវភាព​ក្រីក្រ​​លំបាក។ ទន្ទឹម​គ្នា​នឹង​ការ​លំបាក​នេះ ​ពួក​គាត់​បាន​អំពាវ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​កិច្ច​អន្តរាគមន៍​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​ទទួល​បាន​ប្រាក់​សោធន៍​និវត្តន៍​ទាំង​នោះ ​ដើម្បី​យក​ផ្គត់​ផ្គង​ជីវភាព​ប្រចាំ​ថ្ងៃ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល