វៀតណាម​ផ្តល់​ឯកសារ​បន្ថែម​ទៀត​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មក​ឲ្យ​ស្ថាប័ន​របស់​លោក​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។
ដោយ មាន ឫទ្ធិ
2008-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដដែល​បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា ឯកសារ​ទាំង​នោះ​ជា​ខ្សែ​ភាពយន្ត​មាន​ចំនួន​បួន​រឿង​ផ្សេង​ពី​គ្នា​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​មក​ឲ្យ។

លោក ឆាំង យុ បាន​មាន​ប្រសាសន៍​ថា ៖ «បួន​រឿង​ចុង​ក្រោយ​ហ្នឹង​ទាក់ទង​ពី​រឿង​ទំនាក់​ទំនង​វៀតណាម​ជាមួយ​ចិន ព្រោះ​នៅ​ក្នុង​ហ្នឹង​មាន​រូបថត ម៉ៅ សេងទុង មាន​អី​អ៊ីចឹង។ ហើយ​មួយ​ទៀត​ទាក់ទង​អំពី​សង្គ្រាម​នៅ​ទល់ដែន​កម្ពុជា​វៀតណាម ហើយ​បន្ទាប់​មក​ទៀត មួយ​ទៀត​និយាយ​អំពី​ថ្ងៃ​២ ធ្នូ របស់​ខាង​គណបក្ស​ប្រជាជន ២ ធ្នូ ដែល​ចាប់ផ្ដើម​ធ្វើ​ដំបូង។ មួយ​ទៀត​គឺ​ខ្មែរ​ក្រហម​ដែល​វ៉ៃ​ចូល​ទៅ​តាយមិញ»

គួរ​រំឭក​ផងដែរ​ថា នៅ​ក្នុង​ការគ្រប់គ្រង​របស់​កម្ពុជា​ប្រជាធិបតេយ្យ របប​នេះ​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​អស់​ជា​ច្រើន​នាក់ ហើយ​បើ​តាម​ព័ត៌មាន​ដកស្រង់​ចេញ​ពី​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា "ពេជ្ឈឃាដ​បាត់​ខ្លួន" របស់​អ្នក​និពន្ធ នីក ដងឡុប ដែល​បាន​ប្រែ​សម្រួល​ដោយ​លោក ហេង ហាំងខេង នោះ បាន​កត់ត្រា​ថា កម្ពុជា​ប្រជាធិបតេយ្យ​គ្រប់គ្រង​ប្រទេស​បាន​១៣៦៤​ថ្ងៃ ហើយ​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា​១៤៦៦​នាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០០៨ គឺ​នៅ​ក្នុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ខ្សែ​ភាពយន្ត​ជា​ឯកសារ​ចំនួន​១៦​រឿង​រួច​មក​ហើយ​មក​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហើយ​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០០៨ ម្សិលមិញ​នេះ រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ឯកសារ​ជា​ភាពយន្ត​បន្ថែម​ចំនួន​បួន​រឿង​ផ្សេង​ទៀត។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដដែល​បាន​កត់​សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងអស់ មាន​តែ​ប្រទេស​វៀតណាម​និង​លាវ​ប៉ុណ្ណោះ​ដែល​បាន​ផ្តល់​ឯកសារ​ទាក់ទង​ទៅ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មក​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

លោក ឆាំង យុ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ថា​វៀតណាម​គឺ​ជា​ប្រទេស​ទី​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដែល​បាន​សហការ​ជួយ​កម្ពុជា​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​និង​រៀបចំ​ប្រវត្តិសាស្ត្រ​សា​ឡើង​វិញ។ ប្រទេស​ទី​ពីរ​គឺ​ជា​ប្រទេស​លាវ ក៏​បាន​ផ្ដល់​ឯកសារ​មួយចំនួន​ដែរ។ តែ​ក្រៅ​ពី​ហ្នឹង ប្រទេស​នៅ​ក្នុង​តំបន់​មិន​មាន​ប្រទេស​ណា​មួយ​ដែល​បាន​បើក​ចំហ ហើយ​សហការ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការកសាង​ប្រវត្តិសាស្ត្រ​សម្រាប់​ឲ្យ​ប្រជាជន​ខ្មែរ​ហ្នឹង​បាន​ស្គាល់​បាន​ដឹង។ ខ្ញុំ​គិត​ថា​វា​ជា​ការល្អ ហើយ​សង្ឃឹម​ថា​ប្រទេស​ដទៃ​ទៀត​នឹង​បើក​ចំហ​ទូលាយ​ដល់​កម្ពុជា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ស្វែងយល់​អំពី​បញ្ហា​នេះ»

រហូត​មក​ទល់​នឹង​ពេល​នេះ​មជ្ឈមមណ្ឌល​ឯកសារ​កម្ពុជា​បាន​ទទួល​ឯកសារ​ជា​ភាពយន្ត​ចំនួន​២០​រួច​មក​ហើយ​ពី​រដ្ឋាភិបាល​វៀតណាម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល