សង្គមស៊ីវិល​បារម្ភ​ចំពោះ​ការកាត់ក្ដី​ករណី ប៊ន សំណាង និង សុខ សំអឿន

អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ក្ដី​កង្វល់​ស្តីពី​ការកាត់​ក្តី​របស់​តុលាការ​កំពូល​ទៅ​លើ​ករណី ប៊ន សំណាង និង សុខ សំអឿន នៅ​ថ្ងៃ​ឈប់​សម្រាក​សាកល។
ដោយ សុខ សេរី
2008-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៊ន សំណាង (រូប​ទី​២​ពី​ឆ្វេង) និង សុខ សំអឿន (រូប​ទី​២​ពី​ស្ដាំ) ខណៈ​ពេល​ដែល​សមត្ថកិច្ច​ប៉ូលិស​នាំ​ចូល​ទៅ​កាន់​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១២ មេសា ២០០៧។
ប៊ន សំណាង (រូប​ទី​២​ពី​ឆ្វេង) និង សុខ សំអឿន (រូប​ទី​២​ពី​ស្ដាំ) ខណៈ​ពេល​ដែល​សមត្ថកិច្ច​ប៉ូលិស​នាំ​ចូល​ទៅ​កាន់​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១២ មេសា ២០០៧។
AFP Photo

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​បាន​ សម្ដែង​ការព្រួយ​បារម្ភ​ថា តំណាង​ស្ថានទូត​នានា​និង​តំណាង​សហគមន៍​អន្តរជាតិ​មួយចំនួន​ក្នុង​ប្រទេស​ កម្ពុជា​អាច​មក​ចូលរួម​តិចតួច​ដើម្បី​តាមដាន​សវនាការ​របស់​តុលាការ​កំពូល​ ដែល​គ្រោង​នឹង​ជម្រះ​ក្តី​នៅ​ថៃ្ង​ទី​៣១ ខែ​ធ្នូ​ខាង​មុខ​ឆាប់ៗ​នេះ លើ​ករណី ប៊ន សំណាង និង សុខ សំអឿន ដោយសារ​តែ​ថៃ្ង​បើក​សវនាការ​នោះ​ជិត​ដល់​ថៃ្ង​ចូល​ឆ្នាំ​សកល ឆ្នាំ​២០០៩ ជា​ថៃ្ង​ឈប់​សម្រាក។

លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «អ៊ីចឹង​ធ្វើ​ឲ្យ​អង្គ​សវនាការ​ហ្នឹង​មិន​មាន​អង្គទូត ឬ​ក៏​ភ្ញៀវ​អន្តរជាតិ​ច្រើន​ចូលរួម​នៅ​ក្នុង​នោះ បើ​មាន​ក៏​មាន​តិច​ដែរ​នៅ​ក្នុង​ការចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃ​នោះ ហើយ​យើង​ក៏​មាន​ការព្រួយ​បារម្ភ​ដែរ​អំពី​បញ្ហា​នៃ​ការសម្រេច​របស់​តុលាការ​កំពូល»

ទាក់ទង​នឹង​ការព្រួយ​បារម្ភ​ខាង​លើ​នេះ លោក John Johnson មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា  ស្ថានទូត​អាមេរិក​នឹង​ចាត់​តំណាង​របស់​ខ្លួន​ដើម្បី​តាមដាន​មើល​ដំណើរការ​នៃ​សវនាការ​នៅ​ពេល​ខាង​មុខ លើ​ករណី ប៊ន សំណាង និង សុខ សំអឿន នៅ​ឯ​តុលាការ​កំពូល​នៅ​ថៃ្ង​ទី​៣១ ដំណាច់​ខែ​ធ្នូ​ខាង​មុខ​នេះ។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​អង់គ្លេស​និង​ស្ថានទូត​អាល្លឺម៉ង់​បាន​សន្យា​ថា​នឹង​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅ​ចូលរួម​ដើម្បី​តាមដាន​មើល​ដំណើរការ​នៃ​សវនាការ​របស់​តុលាការ​កំពូល​នា​ពេល​ខាង​មុខ ប៉ុនែ្ត​ស្ថានទូត​អូស្រ្តាលី​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ក្នុង​ការបញ្ជូន​តំណាង​របស់​ខ្លួន។

លោក ហុង កឹមសួន មេធាវី​របស់ សុខ សំអឿន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ត្រៀម​ឯកសារ​រួចរាល់​អស់​ហើយ​ដើម្បី​តទល់​ក្តី​នៅ​ឯ​តុលាការ​កំពូល​នា​ពេល​ខាង​មុខ​នេះ។

លោក ហុង កឹមសួន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មាន​ភស្តុតាង​របស់​យើង​បូក​ជាមួយ​នឹង​អង្គ​ច្បាប់​របស់​យើង។ ខ្ញុំ​គិត​ថា​កូន​ក្ដី​ខ្ញុំ​ជា​មនុស្ស​ល្អ មនុស្ស​បរិសុទ្ធ មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​ទេ។ យើង​នៅ​សង្ឃឹម​ថា​តុលាការ​កំពូល​នេះ លោក​នឹង​ពិចារណា​ទាំង​ផ្លូវ​ច្បាប់ នឹង​ឲ្យ​កូន​ខ្ញុំ​បាន​យុត្តិធម៌»

មិន​អាច​ទាក់ទង​មន្រ្តី​តុលាការ​កំពូល​ដើម្បី​ប្រតិកម្ម​ទៅ​នឹង​ការព្រួយ​បារម្ភ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ខាង​លើ​នេះ​បាន​ភ្លាមៗ​ទេ​ចំពោះ​សវនាការ​នៅ​ពេល​ខាង​មុខ​នេះ។

សូម​រំឭក​ថា ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​កាលពី​ខែ​សីហា ឆ្នាំ​២០០៥​កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ​២០​ឆ្នាំ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​បាញ់​សម្លាប់ លោក ជា វិជ្ជា មេ​ដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា​កាលពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​កន្លង​ទៅ។

ក្រោយ​មក​តុលាការ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​កាលពី​ខែ​មេសា ឆ្នាំ​២០០៧​កន្លង​ទៅ​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ចាត់ទុក​ថា​ជា​បាន​ការ។

កាលពី​ពេល​ថ្មីៗ​នេះ​នៅ​មុន​ពេល​បើក​សវនាការ​របស់​តុលាការ​កំពូល​ថៃ្ង​ទី​៣១ ខែ​ធ្នូ​ខាង​មុខ​នេះ មាន​ការទាមទារ​ជា​ច្រើន​ពី​សំណាក់​ក្រុម​គ្រួសារ មេធាវី អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តជាតិ​សុំ​ឲ្យ​តុលាការ​និង​អាជ្ញាធរ​កម្ពុជា​ដោះលែង ប៊ន សំណាង និង សុខ សំអឿន នោះ ឲ្យ​មាន​សេរីភាព​វិញ​ដោយ​គេ​សំអាង​ទៅ​លើ​ភស្តុតាង​និង​សាក្សី​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​មិន​មែន​ជា​ឃាតករ​ពិត​ប្រាកដ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល