អង្គការ​ក្រៅ​រដ្ឋាភិបាល​តាំង​ពិព័រណ៍​ផលិតផល​ធ្វើ​ពី​សំរាម

មាន​ការទាមទារ​ពី​ច្រើន​មជ្ឈដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ស្រឡាញ់​បរិស្ថាន​ជុំវិញ​ខ្លួន​ដោយ​មិន​នាំ​គ្នា​ចោល​សំរាម​ឥត​សណ្តាប់ធ្នាប់។
ដោយ សាន សុវិទ្យ
2008-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

វិធី​មួយ​ដែល​អាច​ជួយ​បន្ថយ​បរិមាណ​សំរាម​បាន​គឺ ការយក​សម្រាម​ប្រភេទ​ខ្លះ​មក​ច្នៃ​ប្រឌិត​ប្រែ​រូប​ជា​របស់​ប្រើប្រាស់​មាន​ប្រយោជន៍។

ក្នុង​ន័យ​នេះ​អង្គការ​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​បរិស្ថាន​បាន​ធ្វើការ​តាំង​បង្ហាញ​ផលិតផល​ជា​វត្ថុ​អនុស្សាវរីយ៍​ដោយ​ធ្វើ​ពី​សំរាម​នា​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​លើកស្ទួយ​ដល់​បរិស្ថាន​និង​អនាម័យ​របស់​ទីក្រុង។

នាយក​ប្រតិបត្តិ​អង្គការ​យុវជន​ខ្មែរ​និង​ការអភិវឌ្ឍ​សង្គម លោក ឈួន បូរិទ្ធិ បាន​ឲ្យ​ដឹង​ថា ការតាំង​ពិព័រណ៍​ផលិតផល​ធ្វើ​ពី​សំរាម​នេះ​គឺ​ដើម្បី​បំផុស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឲ្យ​ចេះ​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ដើម្បី​ធានា​សោភ័ណភាព​របស់​ទីក្រុង​ឲ្យ​មាន​អនាម័យ។

លោក​បាន​បន្ត​ថា ការតាំង​ពិព័រណ៍​នេះ​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ខ្មែរ​បញ្ចេញ​សមត្ថភាព​ក្នុង​ការកែច្នៃ​សំរាម​ឲ្យ​ក្លាយ​ទៅ​ជា​វត្ថុ​អនុស្សាវរីយ៍​ផងដែរ។

លោក ឈួន បូរិទ្ធិ បាន​បញ្ជាក់​ថា ៖ «អ្វី​ដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ​ថា គាត់​នឹង​ចូលរួម​ចំណែក​ក្នុង​ការសម្អាត​ទីក្រុង​របស់​យើង ទុក​ដាក់​សំរាម គិត​ថា​សំរាម​ណា​ជា​របស់​រឹង របស់​រាវ ដែល​យើង​ត្រូវ​បោះចោល​យ៉ាង​ម៉េច ហើយ​សំរាម​ណា​ដែល​យើង​គិត​ថា​វា​មាន​ប្រយោជន៍ ដូច​ជា​ដប​ទឹកសុទ្ធ​អ៊ីចឹង​បើ​សិន​ណា​ជា​គាត់​ទុក​ឬ​យ៉ាង​ម៉េច អា​ហ្នឹង​គាត់​អាច​ប្រគល់​ឲ្យ​អង្គការ​យើង​ដើម្បី​យក​ដប​ទឹក​សុទ្ធ​មក​កែច្នៃ​ធ្វើ​ជា​ផើង​ផ្កា​ផើង​អី»

លោក ឈួន បូរិទ្ធិ បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា សំរាម​ដែល​យក​មក​កែច្នៃ​ជា​វត្ថុ​អនុស្សាវរីយ៍​ទាំង​នោះ​គឺ​ក្រដាស​និង​ឈើ​ដែល​គេ​បោះចោល សំបក​ពង​ទា​កូន បំពង់​បឺត ថង់​ប្លាស្ទិក និង​កម្ទេច​ក្រណាត់​ជាដើម។

លោក ឈួន បូរិទ្ធិ បាន​បន្ត​ទៀត​ថា ក្នុង​ការតាំង​ពិព័រណ៍​លើក​នេះ​មាន​ការបង្ហាញ​ដល់​សាធារណជន​នូវ​សម្ភារៈ​ជា​វត្ថុ​អនុស្សាវរីយ៍​ចំនួន​៥០​មុខ រួម​មាន​កូន​កង់ កូន​រថយន្ត អគារ​ខ្ពស់ សាកល​វិទ្យាល័យ ផ្ទះ​ឈើ ផ្ទះ​ធ្វើ​ពី​បំពង់​បឺត ទោង និង​ស្បែក​ជើង​ជាដើម។

លោក ឈួន បូរិទ្ធិ បាន​ឲ្យ​ដឹង​ផងដែរ​ថា អង្គការ​របស់​លោក​បាន​ធ្វើការ​តាំង​ពិព័រណ៍​ផលិតផល​ធ្វើ​ពី​សំរាម​បាន​ចំនួន​បួន​លើក​ហើយ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ផ្សារ Pencil មាត់​ទន្លេ ហើយ​ម្ដងៗ​ទាក់ទាញ​អ្នក​ទស្សនា​បាន​រាប់​រយ​នាក់។

គួរ​ជម្រាប​ថា បើ​តាម​មន្រ្តី​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​ជិត​២០០​តោន​ក្នុង​ទីក្រុង​ភ្នំពេញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល