តួនាទី​មេ​កន្ទ្រាញ​ពី​អតីតកាល​និង​បច្ចុប្បន្ន

វិទ្យាសាស្ត្រ​ជឿន​លឿន​បាន​ធ្វើ​ឲ្យ​ជំនឿ​និង​ប្រពៃណី​របស់​សហគមន៍​ជនជាតិ​ដើម​​ដែល​គោរព​មេ​កន្ទ្រាញ​ពី​អតីតកាល​រហូត​មក​ទល់​នឹង​សម័យ​នេះ​វិវត្តន៍​តាម​សម័យ​កាល។
ដោយ រដ្ឋា វីសាល
2009-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​សែន​ភូមិ​របស់​ជនជាតិ​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី
ពិធី​សែន​ភូមិ​របស់​ជនជាតិ​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី
RFA/Oudom

ប្រធាន​សមាគម​ខ្មែរ​លើ​មាន​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​អ្នក​​ភូមិ​មាន​កំណើត​ជនជាតិ​ភាគ​តិច​នៅ​តែ​ប្រកាន់​ខ្ជាប់​ប្រពៃណី​គោរព​ និង​ប្រតិបត្តិ​លើ​ក្រុម​មេ​កន្ទ្រាញ​ប្រចាំ​ភូមិ ឬ​សហគមន៍​ពួក​គេ​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ក្រុម​មេ​កន្ទ្រាញ​គឺ​អ្នក​ភូមិ​កំណត់​ទៅ​លើ​មនុស្ស​មាន​វ័យ​លើស​ពី ៥០​ឆ្នាំ មាន​សមត្ថភាព​បញ្ញា​ស្មារតី​ពូ​កែ​លើស​គេ​ក្នុង​ភូមិ​អាច​ផ្តល់​គំនិត ឬ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ជា​ទី​ពំនាក់ និង​ជឿជាក់​ពី​អ្នក​ភូមិ​ថា ជា​អ្នក​ត្រឹម​ត្រូវ​មាន​យុត្តិធម៌​។

កាល​ពី​មុន​ទសវត្សរ៍​ឆ្នាំ​១៩៦០ ពាក្យ​ថា មេ​កន្ទ្រាញ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​សម្រាប់​សម្គាល់​អ្នក​ដឹកនាំ​តាម​ក្រុម​ ឬ​កុលសម្ព័ន្ធ​នៃ​សហគមន៍​ជន​ជាតិ​ដើម​នៃ​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​ការ​វិវត្តន៍​នៃ​សង្គម​អ្នក​ភូមិ​ភាគ​ច្រើន​មិន​ហៅ​មេ​កន្ទ្រាញ​ដូច​មុន​ទៀត​ទេ​។ ពាក្យ​មេ​កន្ទ្រាញ​ត្រូវ​បាន​ជំនួស​ថា ជា​ចាស់​ទុំ​ប្រចាំ​ភូមិ ឬ​ជា​អាជ្ញាធរ​ប្រពៃណី​ទៅ​តាម​ច្បាប់​ភូមិ​បាល​នៃ​ប្រទស​កម្ពុជា​។

ប្រធាន​សមាគម​ខ្មែរ​លើ​អ្នក​ស្រី ដាំ ចន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា មេ​កន្ទ្រាញ​ឬ​ចាស់​ទុំ​ប្រចាំ​ភូមិ​​មិន​មាន​ការ​តែង​តាំង​អ្វី​នោះ​ទេ​គឺ​អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​អ្នក​ភូមិ​ដែល​សង្កេត​ឃើញ​ទៅ​លើ​មនុស្ស​វ័យ​ចាស់​សមាជិក​ក្នុង​ភូមិ​ណា​មាន​សមត្ថភាព​អត្តចរិត​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ជំនឿ និង​ផ្តល់​សេចកត្តី​ទុក​ចិត្ត​ហើយ​ពួក​គេ​បាន​ពឹងពាក់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​នៅ​ក្នុង​ក្រុម​គ្រួសារ ក៏​ដូចជា​ក្នុង​សហគមន៍​ទាំង​មូល​។

អ្នកស្រី ដាំ ចន្ធី មាន​ប្រសាសន៍​បន្ថែម​ថា ៖ «មាន​ពេល​ខ្លះ​រឿង​ធំ​គាត់​សម្រួល​ឲ្យ​មក​ជា​តូច​អ៊ីចឹង​ណា! គាត់​អត់​បាត់បង់​ថវិកា​ដែរ ហើយ​មួយ​ទៀត​គាត់​មាន​យុត្តិធម៌​ត្រឹមត្រូវ​ដែរ ក្នុង​ការ​និយាយ​ ការ​ផ្តល់​គំនិត​ច្រើន​តែ​ត្រូវ​ណា​!»

ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​គ្រប់​បញ្ហា​ដែល​កើត​មាន​ក្នុង​សហគមន៍​អ្នក​ភូមិ​មិន​បាន​ស្វែង​រក​ការ​ដោះ​ស្រាយ​ពី​មន្ត្រី​អាជ្ញាធរ​រដ្ឋបាល​មូលដ្ឋាន​ឡើយ​។ ជម្លោះ​ធំ​តូច​ក្នុង​ក្រុម​គ្រួសារ ឬ​សហគមន៍​ដូច​ជា​ការ​វាយ​តប់​អំពើ​លួច អំពើ​ផិត​ក្បត់​ ឃាតកម្ម អំពើ​ចាប់​រំលោភ និង​បទឧក្រិដ្ឋ​ផ្សេង​ទៀត​ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រុម​មេ​កន្ទ្រាញ ឬ​ចាស់​ទុំ​ក្នុង​ភូមិ​នោះ​។

អ្នក​ភូមិ​មាន​កំណើត​ជនជាតិ​ភាគតិច​ចារាយ រស់​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ាដាវ​ លោក សេវ ឌឿន មាន​ប្រសាសន៍​ថា ជា​ទូទៅ​ក្រុម​មេ​កន្ទ្រាញ ឬ​ចាស់​ទុំ​ណា​ដែល​អ្នក​ភូមិ​ពឹងពាក់​ក្នុង​ការ​សោះស្រាយ​បញ្ហា​អាច​ជា​ក្រុម ឬ​អាច​ជា​មនុស្ស​តែ​ម្នាក់​ហើយ​វិធី​ដោះស្រាយ​បញ្ហា ឬ​ជម្លោះ​គឺ​ផ្អែក​លើ​គោលការណ៍​សម្រប​សម្រួល​ផ្សះផ្សា​ ហើយ​វិធាន​ប្រពៃណី​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ឲ្យ​ភាគី​មាន​បញ្ហា​ស្រុះស្រួល​ទទួល​កំហុស និង​តម្រូវ​ឲ្យ​បង់​ពិន័យ​ជា មាន់ ទា ជ្រូក គោ ក្របី និង​ប្រាក់​ ទៅ​តាម​ស្ថានភាព និង​​ជីវភាព​ភាគី​ជម្លោះ​ជា​តំណាង​សម្រាប់​សែន​ព្រេន​ស្រុះ​ស្រួល​ជា​នា​គ្នា​វិញ​។

លោក​បញ្ជាក់​បន្ត​ថា វិធាន​ប្រពៃណី​ធ្វើ​ការ​កាត់ក្តី​បែប​អបិយ​ជំនឿ ក៏​ត្រូវ​មេ​កន្ទ្រាញ ឬ​ចាស់​ទុំ​ប្រើប្រាស់​ដែរ ដូច​ជា​ពិធី​ជ្រមុជ​ទឹក​ដើម្បី​រក​ឲ្យ​ឃើញ​ថា​អ្នក​ប្រព្រឹត្ត​ខុស​ឬ​ត្រូវ​។

លោក សេវ ឌឿន បន្ត​ថា ៖ «ខ្ញុំ​ឧទាហរណ៍​មួយ​ថា គេ​ចោទ​ថា​ខ្ញុំ​លួច​គេ ចង់​ឲ្យ​ជាក់​ស្តែង​អ្នក​ទាំង​ពីរ​ទៅ​ជ្រមុជ​ទឹក រួច​ហើយ​គេ​នាំ​គ្នា​ជ្រមុជ​ទឹក គេ​សែន​អី​រួច គេ​ទៅ​ជ្រមុជ​ ថ្ងៃ​សែន​ហ្នឹង​គេ​ជ្រមុជ​ម្តង​ទៀត​»

ការ​ស្រាវជ្រាវ​របស់​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៃ​អង្គការ​សហ​ប្រជាជាតិ​នៃ​គម្រោង​អភិវឌ្ឍន៍ (UNDP) ឲ្យ​ដឹង​ថា​មាន​វិធី​បី​យ៉ាង​ដែល​មេ​កន្ទ្រាញ ឬ​ចាស់​ទុំ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ប្រើប្រាស់​ដើម្បី​ស្វែង​រក​អ្នក​ប្រព្រឹត្ត​កំហុស​។ ទីមួយ​ការ​ជ្រមុជ​ទឹក​គឺ​ភាគី​នៃ​ជម្លោះ​ត្រូវ​ជ្រមុជ​ទៅ​ក្នុ្ងង​ទឹក​បើ​នរណា​ជ្រមុជ​បាន​យូរ​គឺ​ជា​អ្នក​មិន​បាន​ប្រព្រឹត្ត​ខុស​។ វិធី​ទី២ គឺ​បុក​ទម្លុះ​ទឹក​ក្នុង​បំពង់​ឫស្សី​នៅ​ចំ​ពី​មុខ​ភាគី​ជម្លោះ​បើ​ទឹក​បែក​ចេញ​ពី​បំពុង​ហូរ​ទទឹក​ខាង​ភាគី​ណា​មួយ​ច្រើន អ្នក​នោះ​ត្រូវ​បាន​កំណត់​ថា ជា​អ្នក​ប្រព្រឹត្ត​ខុស​។ ចំណែក​វិធី​ទី​៣ គឺ​វិធី​លូក​សំណ​កំពុង​ពុះ បើ​ភាគី​ណា​ហ៊ាន​លូក​ឬ​ចាក់​សំណ​ដែល​កំពុង​រលាយ​ពុះ​មក​លើ​បាត​ដៃ ហើយ​មិន​ក្តៅ អ្នក​នោះ​គឺ​ជា​អ្នក​ត្រូវ​ឬ​ឈ្នះ។

ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​សម័យ​ច្រើន​ឆ្នាំ​មុន ការ​ដោះ​ស្រាយ​វិធាន​ប្រពៃណី​តាម​រយៈ​មេ​កន្ទ្រាញ​ពុំ​មាន​ការ​ផ្តន្ទាទោស​ដាក់​គុក​ដូច​បច្ចុប្បន្ន​នេះ​ទេ អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​យល់​ព្រម​សង​ជា​សំណង​ទ្រព្យ​សម្បតិ្ត ដី​ធ្លី សត្វ​ពាហនៈ ហើយ​បើ​គ្មាន​អ្វី​ជា​សំណង ត្រូវ​ទទួល​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ​ ហើយ​មាន​ករណី​កំហុស​ធ្ងន់​ធ្ងរ​គឺ​ត្រូវ​សម្រេច​ឲ្យ​សម្លាប់​ចោល​ក៏​មាន។

អ្នក​ជំនាញ​ការ​ច្បាប់​ថ្នាក់​តំបន់​នៃ​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​អង្គការ UNDP លោក យិន សុភាព​ មាន​ប្រសាសន៍​ថា វិធាន​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​រហូត​សព្វ​ថ្ងៃ​នេះ​មាន​ការវិវត្តន៍​ច្រើន​ហើយ។ វិធាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​មិន​មាន​ទៀត​ទេ​ហើយ​ក្រុម​មេ​កន្ទ្រាញ​ ឬ​ចាស់​ទុំ​ភូមិ​បាន​ប្រកាន់​យក​ការ​ដោះ​ស្រាយ​តែ​បញ្ហា​តូច​តាច​មិន​ទាក់​ទិន​បទ​ល្មើស​មាន​ទម្រង់​ធំ​ដូច​បទ​ល្មើស​មជ្ឈិម និង​ឧក្រិដ្ឋ​។

លោក​បន្ត​ថា ក្នុង​ការ​អនុវត្ត​វិធាន​ប្រពៃណី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចាប់​ពី​សម័យ​អាណានិគម​បារាំង​មក​មិន​មាន​ការ​ចាប់​បង្ខំ​នោះ​ទេ អ្នក​ភូមិ​សុទ្ធ​តែ​មាន​ជំនឿ​លើ​ដំណោះ​ស្រាយ​ដោយ​មេ​កន្ទ្រាញ ឬ​ចាស់​ទុំ​ថា ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ​មិន​មាន​អ្នក​ប្រកែក​តវ៉ា​ឡើយ។

លោក​ យិន សុភាព មាន​ប្រសាសន៍​ថា ៖ «វិធាន​ឥឡូវ​ដូច​ខ្ញុំ​និយាយ​ថា ចាប់ ពី​សម័យ​បារាំង​ដែល​ខ្ញុំ​បាន​សិក្សា​គឺថា អ៊ីចេះ គឺ​ថា ជា​វិធាន​ប្រពៃ​នី​ដែល​គ្មាន​ការ​ចាប់​បង្ខំ​ មាន​ន័យ​ថា ទាល់​តែ​ភាគី​ទាំង​ពីរ​សុខ​ចិត្ត​ព្រម​ទទួល ហើយ​អនុវត្ត​ហើយ​យុត្តិ​ធម៌​»

លោក​បញ្ជាក់​ទៀត​ថា បើ​វិភាគ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​សម័យ​ថ្មី វិធាន​ដោះ​ស្រាយ​បែប​ប្រពៃណី​អាច​នឹង​មិន​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ភូមិ​បាន​ត្រឹមត្រូវ​ទេ ក៏​ប៉ុន្តែ​ជា​ជំ​នឿ​របស់​អ្នក​ភូមិ គឺ​ពួក​គេ​ទទួល​បាន​យុត្តិធម៌​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បែប​ប្រពៃណី និង​ជំនឿ​នេះ​។

លោក​ យិន សុភាព បន្ថែម​ថា ៖ «បើ​យើង​ឈរ​ខាង​ជ្រុង​វិទ្យាសាស្ត្រ​យើង​ឃើញ​ថា មាន​មនុស្ស​ខិលខូច មាន​មនុស្ស​ដែល​មាន​ពុត​ត្បុត ហើយ​ចេះ​ធ្វើ​លេស​ចេះ​កុហក់​ ដូច្នេះ​មនុស្ស​នោះ​មិន​មាន​ជំនឿ​ទេ​ ដូច្នេះ​កាល​ណា​ទៅ​ជ្រមុជ​ទឹក គាត់​អាច​ជ្រមុជ​បាន​យូរ​មែន​ តែ​បើ​យើង​ឈរ​ខាង​ជ្រុង​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ជំនឿ​ កាល​ណា​ចាប់​ផ្តើម​ជ្រមុជ​ទឹក​គឺ​ថា គ្រប់​ករណី​ទាំង​អស់​គឺ​ថា ភាគី​ដែល​ធ្វើ​ខុស​មិន​អាច​ជ្រមុជ​ទឹក​បានទេ​គឺថា ដល់​ពេល​ជ្រមុជ​ទឹក​គាត់​សារភាព​តែ​ម្តង ជួន​កាល​ចាប់​ផ្តើម​ជ្រមុជ​ទឹក​ភ្លាម គាត់​ភ័យ​គាត់​ញ័រ គាត់​គ្រុន​គឺ​ថា រឿង​ទាំង​អស់​ហ្នឹង​គឺ​ជា​រឿង​ស័ក្តិសិទ្ធិ​មួយ​របស់​ជនជាតិ​ដើម​ភាគ​តិច​»

មន្ត្រី​អប់រំ​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៏ លោក គឹត ទូច មាន​ប្រសាសន៍​ដែរ​ថា ​ច្បាប់​ភូមិ​បាល​នៃ​ប្រទេស​កម្ពុជា​ឲ្យ​និយម​ន័យ​ទៅ​លើ​អាជ្ញាធរ​ប្រពៃណី មិន​សំដៅ​ទៅ​លើ​ក្រុម​មេ​កន្ទ្រាញ ឬ​ចាស់​ទុំ​ភូមិ​តែ​មួយ​ផ្នែក​នោះ​ទេ អាជ្ញាធរ​ប្រពៃណី​សំ​ដៅ​ទៅ​លើ​ក្រុម​មេ​កន្ទ្រាញ ឬ​ចាស់ទុំ​រួម​ទាំង​អាជ្ញាធរ​រដ្ឋបាល​មូលដ្ឋាន​ផង​ដែរ​។

លោក​បញ្ជាក់​ថា អ្នក​ភូមិ​ជនជាតិ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ដូច្នេះ​ការ​ប្រកាន់​យក​វិធាន​​ដោះស្រាយ​បែប​ប្រពៃណី និង​ច្បាប់​រដ្ឋបាល​មាន​ការ​រីក​ចម្រើន​ក្នុង​សហគមន៍​ជនជាតិ​ដើម​។

លោក គឹត ទូច មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ​បើសិន​ជា​បទ​ល្មើស​មាន​ចរិត​បទ​ល្មើស​ឧក្រិដ្ឋ​គ្រោះថ្នាក់​ ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ការ​កាប់​សម្លាប់ ការ​រើស​អ៊ើង​គ្នា​គឺ​ថា ជា​បុព្វសិទ្ធ​នៃ​អំណាច​របស់​រដ្ឋ​ទាំង​ស្រុង​ហើយ​»

រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្នីៗ​នេះ​បាន​ដាក់​ចេញ​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នូវ​គម្រោង​មជ្ឈមណ្ឌល​សេវាកម្ម​យុត្តិធម៌​ស្រុក និង​គណៈកម្មាការ​ដោះស្រាយ​វិវាទ​ថ្នាក់​ឃុំ ដោយ​ឈរ​លើ​វិធាន​ប្រពៃណី​ដែល​មិន​ផ្ទុយ​នឹង​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ ហើយ​គម្រោង​នេះ​កំពុង​អនុវត្ត​នៅ​ស្រុក​ចំនួន ២០​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី សៀមរាប បាត់ដំបង និង​ខេត្ត​កំពង់ស្ពឺ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល