បុរស​ខ្មែរ​ម្នាក់​ជួប​គ្រួសារ​វិញ​ក្រោយ​បែក​គ្នា​៣៥​ឆ្នាំ

បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ទើប​នឹង​បាន​ជួប​ម្ដាយ​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​បាន​បែកបាក់​គ្នា​អស់​រយៈ​ពេល​៣៥​ឆ្នាំ​មក​ហើយ​នោះ។
ដោយ ហង្ស សាវយុត
2009-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ ចាន់សូផាត (ស្ដាំ)
លោក ប្រាក់ ចាន់សូផាត (ស្ដាំ)
RFA/Hang Savyouth

ស្រមោល​អតីត​កាល​ក្នុង​អំឡុង​នៃ​របប​ខ្មែរ​ក្រហម​កាន់​កាប់​អំណាច​ក្នុង​ប្រទេស​ខ្មែរ​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១០​លាន​នាក់ បាន​ទទួល​រង​ការ​ប៉ះពាល់​ខាង​សតិ​អារម្មណ៍ ដោយ​ដក់​ជាប់​និង​បន្សល់​ទុក​នូវ​ការ​ឈឺ​ចាប់ ការ​ព្រាត់​ប្រាស់​បែក​បាក់​គ្រួសារ​រហូត​មក​ដល់​បច្ចុប្បន្ន​​នៅ​ឡើយ។

ប្រាក់ ចាន់សូផាត ជា​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ចាត់​ទុក​ខ្លួន​គាត់​ថា ជា​អ្នក​មាន​សំណាង​ខ្ពស់​បំផុត​បន្ទាប់​ពី​បែក​ម្តាយ​និង​ក្រុម​គ្រួសារ​តាំង​ពី​កុមារភាព​អស់​រយៈ​ពេល​៣៥​ឆ្នាំ ហើយ​ទើប​តែ​រក​ម្តាយ​​ឃើញ​វិញ​នៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រាក់ ចាន់សូផាត បច្ចុប្បន្ន​អាយុ​៣៨​ឆ្នាំ រស់​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ដែល​ឈប់​ចេះ​និយាយ​ភាសា​ខ្មែរ​ទៅ​ហើយ​ក្តី ក៏​ប៉ុន្តែ​គាត់​នៅ​តែ​អះអាង​ថា គាត់​គឺ​ជា​ជន​ជាតិ​ខ្មែរ​និង​ស្រឡាញ់​មាតុ​ភូមិ​ខ្មែរ។

សូផាត ឲ្យ​ដឹង​ថា គាត់​បាន​បែក​ចេញ​ពី​ម្តាយ​និង​ក្រុម​គ្រួសារ​ដោយសារ​សង្រ្គាម​ខ្មែរ​ក្រហម​ដោយ​មិន​បាន​ស្គាល់​មុខ​ឪពុក​ជា​រៀង​រហូត​មួយ​ជីវិត​នេះ បន្ទាប់​ពី​ឪពុក​របស់​គាត់​ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​អំឡុង​ពេល​ពួក​ខ្មែរ​ក្រហម​កាន់កាប់​អំណាច​នោះ ហើយ​ការ​បែកបាក់​គ្រួសារ​របស់​គាត់ ថ្វី​បើ​គាត់​នៅ​តូច​មិន​ដឹង​ក្តី ពុំ​មាន​ការ​ឈឺ​ចាប់ ប៉ុន្តែ​គាត់​ដឹង​ថា ម្តាយ​របស់​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ហើយ​គាត់​មិន​បាន​ដឹង​ថា គ្រួសារ​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​រង​ការ​ឈឺ​ចាប់​ដូច​គាត់​នេះ​ដែរ។

ប្រាក់ ចាន់សូផាត បាន​មាន​ប្រសាសន៍​ថា គាត់​បាន​បែក​ពី​ឪពុក​ម្តាយ​តាំង​ពី​អាយុ​៣​ឆ្នាំ គឺ​នៅ​ចុង​ឆ្នាំ​១៩៧៤ ដែល​កាល​ណោះ​គាត់​មាន​ជំងឺ​ជើង ត្រូវ​ម្តាយ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់​គាត់​កាល​ណោះ​​គ្រូពេទ្យ​ស្រុក​ខ្មែរ​អស់​សមត្ថភាព​ព្យាបាល ហើយ​ត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​ព្យាបាល​នៅ​ប្រទេសស្វ៊ីស។ បន្ទាប់​ពី​ព្យាបាល​ជា​សះ​ស្បើយ​នៅ​ប្រទេស​ស្វ៊ីស យន្តហោះ​ពេទ្យ​បាន​ដឹក​គាត់​ត្រឡប់​មក​រក​ម្តាយ​នៅ​ទីក្រុង​ភ្នំពេញ​វិញ ប៉ុន្តែ​ជា​អកុសល​ខ្មែរ​ក្រហម​បាន​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ​និង​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង ធ្វើ​ឲ្យ​យន្តហោះ​មិន​អាច​ចុះ​ចត​បាន​ត្រូវ​បង្ខំ​ចិត្ត​ហោះ​ត្រឡប់​នាំ​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​នៃ​ប្រទេស​ស្វ៊ីស​វិញ។ កាល​ណោះ​គាត់​ជា​កុមារភាព​មិន​បាន​ដឹង​ការ​ឈឺ​ចាប់​ទេ ប៉ុន្តែ​គាត់​ដឹង​ថា ម្តាយ​របស់​គាត់​ដែល​បាត់​បង់​កូន​នៅ​តូច​ម្នាក់​គឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់។

លោក ប្រាក់ ចាន់សូផាត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ "ដោយសារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​ពី​ការ​ព្យាបាល​​តាម​ជើង​យន្តហោះ​ពី​ប្រទេស​ស្វ៊ីស ហើយ​នៅ​ពេល​សង្រ្គាម​កើត​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ ធ្វើ​ឲ្យ​យន្តហោះ​មិន​អាច​ចុះ​ចត​បាន គេ​ក៏​ដឹក​ខ្ញុំ​ទៅ​កាន់​មន្ទីរពេទ្យ​វិញ តាំង​ពី​ពេល​នោះ​ខ្ញុំ​បាន​បែក​ពី​ម្តាយ​ខ្ញុំ ដែល​កាល​ណោះ​ខ្ញុំ​នៅ​តូច​មិន​ដឹង​ពី​ការ​ឈឺ​ចាប់​ទេ"

ប្រាក់ ចាន់សូផាត បាន​មាន​ប្រសាសន៍​ថា ចាប់​ពី​ពេល​ដែល​គាត់​ត្រូវ​បាន​យន្តហោះ​ដឹក​ត្រឡប់​ទៅ​កាន់​មន្ទីរពេទ្យ​ឯ​ប្រទេស​ស្វ៊ីស​វិញ គឺ​គាត់​បាន​ក្លាយ​ទៅ​ជា​កុមារ​កំព្រា​ដែល​គេ​បាន​យក​ទៅ​ដាក់​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ ហើយ​ក្រោយ​មក​ត្រូវ​បាន​ជនជាតិ​ប៊ែលហ្ស៊ិក​មក​សុំ​យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម​ ដោយ​រស់​នៅ​ឯ​ប្រទេស​ប៊ែលហ្ស៊ិក​រហូត។

ថ្វី​ត្បិត​តែ សូផាត រស់​នៅ​ប្រទេស​ប៊ែលហ្ស៊ិក​និង​រៀន​ភាសារ​ប៊ែលហ្ស៊ិក ឈប់​ចេះ​ភាសា​ខ្មែរ​ហើយ​ក៏​ដោយ ប៉ុន្តែ សូផាត នៅ​តែ​រក្សា​ទុក​ឯកសារ​របស់​មន្ទីរ​ពេទ្យ​ដែល​ជា​ភស្តុតាង​បញ្ជាក់​ថា គាត់​គឺ​ជា​កូន​ខ្មែរ។

សូផាត បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ "គ្រប់​រឿង​រ៉ាវ​ទាំង​អស់​ដែល​បាន​កើត​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ធំ​ដឹង​ក្តី​ឡើង ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​ជនជាតិ​ប៊ែលហ្ស៊ិក​ទេ ហើយ​ខ្ញុំ​តែង​តែ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ"

អ្នកស្រី ប៉ុក សំអាន អាយុ​៦៩​ឆ្នាំ ដែល​បច្ចុប្បន្ន​រស់​នៅ​ទី​ជនបទ​ដាច់​ស្រយាល​ក្នុង​ភូមិ​កន្ទៃ២ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា គាត់​មាន​កូន​ទាំង​អស់​៧​នាក់ ហើយ ប្រាក់ ចាន់សូផាត ជា​កូន​ទី​៤។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា សូផាត បាន​បែក​ពី​គាត់​នៅ​ពេល​ដែល​កូន​នោះ​​​បាន​កើត​ជំងឺ​ហាក់​ចង់​ស្វិត​ជើង​ដោយ​ដើរ​មិន​រួច ហើយ​គាត់​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ នៅ​ចុង​ឆ្នាំ​១៩៧៤ បន្ទាប់​មក​គ្រូពេទ្យ​ស្វ៊ីស​បាន​សម្រេច​ចិត្ត​ដឹក​តាម​យន្តហោះ​​យក សូផាត និង​កូន​ខ្មែរ​ខ្លះ​ទៀត​ទៅ​ព្យាបាល​នៅ​ប្រទេស​ស្វ៊ីស បន្តិច​ក្រោយ​មក​ខ្មែរ​ក្រហម​បាន​កាន់​កាប់​ទីក្រុង​ភ្នំពេញ ហើយ​គាត់​ក៏​បាន​បែក​កូន​របស់​គាត់​រហូត។

អ្នកស្រី ប៉ុក សំអាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «កាល​ពី​សង្គម ឆ្នាំ​១៩៧៤ កូន​ខ្ញុំ​វា​ឈឺ វា​ដូច​រាង​មិន​សូវ​ដើរ ហើយ​ខ្ញុំ​បាន​យក​ទៅ​ពេទ្យ​តាខ្មៅ។ លោក សាលើន អឿន គាត់​មាន​ប្រពន្ធ​បារាំង ដល់​នេះ​ទៅ​គាត់​សុំ​កូន​ហ្នឹង​ទៅ​មើល​នៅ​ស្វ៊ីស។ យក​ទៅ​៣​ខែ ទទួល​ស្រុក​មាន​សង្រ្គាម​ប៉ុលពត​ទៅ​ហ្នឹង ក៏​បែក​រហូត»

អ្នកស្រី ប៉ុក សំអាន បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ពេល​បែក​កូន​គាត់​ជា​ម្តាយ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​នៅ​ក្រោយ​របប​ប៉ុលពត​ដួល​រលំ​ទៅ គាត់​បាន​ស្វែង​រក​កូន​គ្រប់​ពេល​វេលា ដោយ​ពេល​ខ្លះ​ស្វែង​រក​តាម​ការ​ទស្សន៍​ទាយ​របស់​ហោរា​ផង​ក៏​មាន។

អ្នកស្រី ប៉ុក សំអាន មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «រៀប​ទៅ គេ​ឲ្យ​ធ្វើ​បញ្ជី​ជាតិ​មួយ គេ​ឲ្យ​ថត​រូប​បិទ​បញ្ជី​ជាតិ ហើយ​ដល់​នេះ មក​ដល់​សម័យ​ប៉ុល​ពត ខ្ញុំ​ចេះ​តែ​លាក់​រូប​ថត​កូន លាក់​ទុក​រហូត។ តែ​ស្រណោះ​ខ្ញុំ​កាត់​រក ទៅ​តាខ្មៅ​ទៅ​ណា​ណី។ ចេះ​តែ​រក​គ្រូ​ទាយ។ កាល​បែក​នោះ​អាឡោះ​អាល័យ​រាល់​យប់​ហ្នឹង ដេក​នឹក​ឃើញ​ថ្មើរ​មាណ​ទឹក​ភ្នែក​ថ្មើរ​ហ្នឹង។ វា​បែក​បាក់​ឈឺ​ចាប់​ណាស់ មិន​ដឹង​ធ្វើ​ម៉េច? អរ រំភើប សប្បាយ​ណាស់​ជួប​កូន»

ការ​ជួប​ជុំ​គ្នា​រវាង​គ្រួសារ​ខ្មែរ​ដែល​បែក​បាក់​ចំនួន​៣៥​ឆ្នាំ​នេះ បាន​ចាប់​ផ្តើម​ជួប​គ្នា​វិញ​បន្ទាប់​ពី​ទាំង​ម្តាយ​និង​កូន​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ការ​ស្រាវជ្រាវ​រក​គ្នា។

លោក គូរ៉ូហ្ស អាហ្កាស្ស៊ី (Kourosh Aghassi) ជា​អ្នក​កំពុង​ធ្វើការ​នៅ​មណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​សហគមន៍​ជន​ក្រីក្រ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ការ​ដែល​កូន​បែក​ម្តាយ​តាំង​ពី​តូច​អាយុ​៣​ឆ្នាំ​អាច​រក​ឃើញ​ម្តាយ​វិញ​នេះ គឺ​កើត​ឡើង​តាម​រយៈ​ការ​ស្រាវជ្រាវ​រក​គ្នា​តាម​រយៈ​សំបុត្រ និង​ក្រោយ​មក​សំបុត្រ​មួយ​សរសេរ​ជា​ភាសា​បារាំង និង​រូប​ថត​របស់​សូផាត កាល​នៅ​ពី​តូច​បាន​ធ្លាក់​ដល់​ដៃ​របស់​លោក ហើយ​លោក​ក៏​បាន​ដាក់​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​ឈ្មោះ Face Book ហើយ​ក្រោយ​មក​ប្អូន​ចិញ្ចឹម​របស់​សូផាត ជា​ជន​ជាតិ​ប៊ែលហ្ស៊ិក​បាន​មើល​ឃើញ ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​សូផាត។ បន្ទាប់​មក សូផាត បាន​ចាប់​ផ្តើម​ទៅ​យក​សំបុត្រ​មន្ទីរពេទ្យ ទើប​ដឹង​ថា ជា​រឿង​របស់​គាត់។

បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា​ក្រោយ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ជា​ច្រើន​ខែ ការ​ព្យាយាម​របស់​សូផាត បាន​ក្លាយ​ជា​ការ​ពិត​មួយ ដោយ​ទី​បំផុត​គេ​បាន​ជួប​ម្តាយ​របស់​គេ​នៅ​ក្នុង​វ័យ​ចាស់​ជរា។

សូផាន បាន​ឲ្យ​ដឹង​ថា ៖ "ថ្ងៃ​មួយ​នោះ ស្ត្រី​ម្នាក់​និង​ស្ត្រី​ចំណាស់​ម្នាក់ បាន​ឲ្យ​លិខិត​មក​ខ្ញុំ​មួយ​ច្បាប់​ជា​ភាសា​បារាំង ដោយ​ខ្ញុំ​រវល់​ការងារ​ផង ខ្ញុំ​មិន​សូវ​មាន​ពេល​បក​ប្រែ​ទេ ប៉ុន្តែ​លិខិត​នោះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ ពីព្រោះ​តែ​កុមារ​ម្នាក់​កំពុង​ស្វែង​រក​ម្តាយ ហើយ​ខ្ញុំ​បាន​សួរ​ស្ត្រី​នោះ​ថា តើ​កុមារ​នោះ​នៅ​ឯ​ណា? ស្រ្តី​នោះ​បាន​ឆ្លើយ​ថា ក្មេង​នោះ​ប្រហែល​ជា​មិន​អាច​ជួប​ម្តាយ​របស់​គេ​ទេ​ក្នុង​ជីវិត​នេះ"

ប្រាក់ ចាន់សូផាត គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សំណាង​បាន​ជួប​ម្តាយ​វិញ បន្ទាប់​ពី​បែក​បាក់​គ្រួសារ​៣៥​ឆ្នាំ ក្នុង​ចំណោម​ក្រុម​គ្រួសារ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​បែក​បាក់​គ្រួសារ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច ហើយ​គ្រួសារ​ខ្មែរ​​រាប់​លាន​នាក់​ត្រូវ​បាន​គេ​សម្លាប់​គ្មាន​ថ្ងៃ​បាន​វិល​ជួប​ជុំ​គ្នា​វិញ​នោះ។

សូផាត បាន​បញ្ជាក់​ថា គាត់​មាន​ការ​ពេញ​ចិត្ត​ចំពោះ​សាលាក្តី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែល​ជា​អ្នក​បង្កើត​ឡើង​ឲ្យ​មាន​អំពើ​ឃោរឃៅ​និង​ការ​បែក​បាក់​នោះ៕

ព័ត៌មាន (19)
Share

អ្នក​អាន​អនាមិក

I'm very happy, you are lucky men.not like me I can't find my mum.I escaped from mum on age 4 year old not remuber her face too,since 1975.when Pol Pot victory.I wish you happiness with your whole family.

Jan 05, 2010 09:55 PM

អ្នក​អាន​អនាមិក

What a happy ending! But, why did it take so long? Cambodia was open to the whole world in late 80s.

Jan 05, 2010 02:51 AM

អ្នក​អាន​អនាមិក

I cried when I red the story. សូមជូនពរអោយអ្នកជួបតែសំណាងល្អ។

Jan 05, 2010 12:15 AM

អ្នក​អាន​អនាមិក

I'm very happy after read this article. I can't almost keep my tear. Great that you are the best son who tried hardly to find your lovable mother. Wish you happiness with your whole family.

Jan 04, 2010 06:14 PM

អ្នក​អាន​អនាមិក

Nothing more important than this mericle!!! have you ever though of this? I dont have a chance like your. well done

Jan 04, 2010 09:42 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល